អង់គ្លេសចាញ់បែលហ្ស៊ីកអស់ឱកាសទៅវគ្គចុងក្រោយ UEFA Nations League
ក្ដីសង្ឃឹមរបស់អង់គ្លេសក្នុងការឡើងទៅកាន់វគ្គចុងក្រោយប្រជែងជើងឯក UEFA Nations League បានរលត់រលាយអស់ហើយក្រោយចាញ់ម្ចាស់ផ្ទះបែលហ្ស៊ីក ២ទល់នឹង០ក្នុងការប្រកួតប្រចាំ Group 2 នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា។
ក្រុមលោក Gareth Southgate មានឱកាសច្រើន តែមិនអាចសម្រេចទីបាន។។
គ្រាប់ទីមួយរបស់បែលហ្ស៊ីកកើតឡើងពេល Youri Tielmens ទាត់ពីចម្ងាយប៉ះ Tyrone Mings ចូលទីនៅនាទីទី១០ ហើយ Dries Mertens បន្ថែមការនាំមុខនៅនាទី២៣ ដោយបាល់ហ្វ្រីឃីក។
បរាជ័យនេះមានន័យថា អង់គ្លេសមិនអាចឡើងទៅកាន់វគ្គចុងក្រោយបានទេ ក្រោយធ្វើបានលេខ៣នៅឆ្នាំ២០១៩ដែលកាលណោះព័រទុយហ្គាល់ជាជើងឯក។
ជាមួយគ្នានេះ Jordan Henderson និង Ben Chilwell ក៏មានបញ្ហារបួសត្រូវប្ដូរចេញលឿនថែមទៀត។ លទ្ធផលនៅ Group 2 ជាមួយគ្នានេះ គឺដាណឺម៉ាកយកឈ្នះអ៊ីស្លង់២ទល់នឹង០ រកបានដោយ Christian Eriksen ទាំងពីរ។
សម្រាប់ក្រុមឡើងទៅវគ្គចុងក្រោយ គឺតម្រូវសម្រាប់តែក្រុមលេខមួយក្នុងពូលនីមួយៗប៉ុណ្ណោះ៕