FFCបញ្ចេញបញ្ជីរាយនាមកីឡាករ U-19 កម្ពុជាដំណាក់កាលទី៤ ទោះបីមិនទាន់ច្បាស់ការដំណើរការប្រកួត AFC U-19
សហព័ន្ធបាល់ទាត់កម្ពុជានៅតែបញ្ចេញបញ្ជីរាយនាមកីឡាករបន្តការហ្វឹកហាត់ដំណាក់កាលទី៤ សម្រាប់ជ្រើសរើសចូលរួមក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ត្រៀមចូលរួមការប្រកួត AFC U-19 Championship 2020 នៅប្រទេសអូបេគីស្ថាន ទោះបីមិនទាន់ច្បាស់ថាការប្រកួតនេះអាចដំណើរការ រឺ លុប ចោលដោយសារបញ្ហាកូវីដ១៩ យ៉ាងណាក្តី ។
សម្រាប់ដំណាក់កាលទី៤ នេះកីឡាករដែលបានជ្រើសរើសមាន ៣៤ នាក់ដែលត្រូវមកប្រមូលផ្តុំគ្នាហ្វឹកហាត់ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន Koji Gyotoku ក្នុងការចម្រាញ់យកកីឡាករ ២៣ នាក់ដើម្បីចេញទៅប្រកួត ក្នុងជុំចុងក្រោយក្នុងពានរង្វាន់ AFC U-19 Championship 2020 ដែលកម្ពុជាបានឡើងទៅជាប្រវិត្តសាស្ត្រនេះ ។
AFC ព្រឹត្តិការណ៍ AFC U19 Championship 2020 ត្រូវបានផ្លាស់ប្ដូរពីខែតុលា ឆ្នាំ២០២០ ទៅថ្ងៃទី០៣ ខែមីនា ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ ក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំរបស់កម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះអ៊ូបេគីស្ថាន, អ៊ីរ៉ង់ និងឥណ្ឌូនេស៊ី ។
គួររំលឹកផងដែរថា សារព័ត៌មានឥណ្ឌូនេស៊ី INDOSPORTS បានស្រង់ប្រភពពីសហព័ន្ធបាល់ទាត់យីម៉ែន (YFA) ថា សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានសម្រេចលុបចោលការប្រកួត AFC U16 & AFC U19 ដែលគ្រោងប្រកួតនៅឆ្នាំ២០២១នេះ។ AFC គ្រោងរៀបចំ AFC U16 ក្នុងខែមីនា ដល់ មេសា ឆ្នាំ២០២១ នៅបារ៉ែន ខណៈ AFC U19 នឹងដំណើរការក្នុងខែមីនា នៅអ៊ូបេគីស្ថាន។YFA លើកឡើងថា ស្ថានភាពកូវីដ១៩មិនត្រូវបានដោះស្រាយអស់ ធ្វើឲ្យ AFC សម្រេចលុបចោលការប្រកួតយុវជនទាំងពីរតែម្ដង។ យ៉ាងណាព័ត៌មានខាងលើមិនទាន់ត្រូវបានសហព័ន្ធបាល់ទាត់អាស៊ីប្រកាសជាផ្លូវការនៅឡើយទេ ៕