Leonardo គិតថា ជម្រើសជាតិកម្ពុជាបច្ចុប្បន្នមិនរីកចម្រើនប៉ុន្មានទេ
តាមរយៈសារព័ត៌មានវៀតណាម Zing លោក Leonardo Vitorino អតីតគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា យល់ឃើញថា គុណផលក្រុមជម្រើសជាតិកម្ពុជាបច្ចុប្បន្ន ពុំរីកចម្រើនច្រើនគួរកត់សម្គាល់ឡើយ បើប្រៀបទៅនឹងអំឡុងលោកនៅធ្វើគ្រូធំ កាលឆ្នាំ២០១៧។
អ្នកសារព័ត៌មានវៀតណាម Zing បានសួរបុរសជនជាតិប្រេស៊ីលបែបនេះ “៖មើលទៅលោកដូចជាខកចិត្តនឹង Honda ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជានែ៎។ យ៉ាងណាមិញ ក្នុងពាន AFF Cup 2020 នេះ ក្រុមកម្ពុជាក៏លេងមិនអន់ដែរ ទើបតែយកឈ្នះឡាវ ៣-០ ទេ?
លោក Leonardo Vitorino បានឆ្លើយតបថា “៖ ខ្ញុំមិនគិតថាក្រុមកម្ពុជាមានភាពប្រសើរឡើងច្រើនទេ ទាក់ទងនឹងរបៀបលេង (ធៀបទៅនឹងរបៀបលេងកាលលោក Vitorino នៅធ្វើគ្រូធំឆ្នាំ២០១៧)។ បាល់ទាត់កម្ពុជា និងក្រុមជម្រើសជាតិនៅតែត្រូវការកែលម្អលើគ្រប់វិស័យ។”
និយាយពីកាលលោកនៅដឹកនាំវិញ អតីតគ្រូបង្គោល Lanexang United ទទូចថា មានវេលាតិចតួចពេកត្រឹម៥ខែប៉ុណ្ណោះ ខណៈលោក Honda មានពេលដល់ទៅ៣ឆ្នាំ។
គួររំឭកថា លោក Leonardo Vitorino ក្នុងនាមជាគ្រូបង្គោលជម្រើសជាតិកម្ពុជា បានឈ្នះការប្រកួតតែ១លើកប៉ុណ្ណោះ គឺលើក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន នៅរាជធានីភ្នំពេញ កាលឆ្នាំ២០១៧៕