គ្រូវៀតណាម ថា នឹងសម្រុកលើកម្ពុជាឲ្យបានច្រើនតាមដែលអាចធ្វើបាន
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបិទវគ្គចែកពូល AFF Cup 2020 ប្រចាំពូល B តទល់ក្រុមការពារតំណែងជើងឯកវៀតណាម នៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ នេះ។
ទាក់ទងទៅនឹងការប្រកួតនេះ លោក Park Hang-seo គ្រូបង្គោលក្រុមជម្រើសជាតិវៀតណាម ថ្លែងថា កូនក្រុមរបស់លោកនឹងលេងអស់ពីសមត្ថភាព។
“កម្ពុជាកំពុងមានកម្លាំងចិត្ត ក្រោយឈ្នះឡាវ។ កម្ពុជាមានទស្សនៈវិស័យផ្ទាល់ខ្លួន។ ពួកគេអាចលេងវាយបកបានលឿន និងបញ្ជូនច្បាស់។ ខ្ញុំមិនប្រាកដទេថា ពួកគេនឹងលេងបែបនេះទៀត ឬការពារច្រើនដូចក្រុមដទៃ។ យ៉ាងណា ខ្ញុំជឿថា យើងនឹងលេងអស់ពីសមត្ថភាពរបស់យើង។”
សម្រាប់លោក Ryu Hirose គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលស្គាល់វៀតណាមជាក្រុមដ៏ខ្លាំង តែការលេងរបស់គោព្រៃនឹងមិនប្រែប្រួលទេ គឺព្យាយាមគ្រប់គ្រងបាល់ឲ្យបានច្រើនតាមដែលអាចធ្វើបាន ទាំងតំបន់កណ្ដាល និងតំបន់ប្រយុទ្ធ។
៣ប្រកួតក្នុងពូល B វៀតណាម ស្ថិតនៅលេខ២ មាន៧ពិន្ទុស្មើក្រុមកំពូលតារាងឥណ្ឌូនេស៊ី ដែលត្រូវប៉ះម៉ាឡេស៊ី នៅរាត្រីនេះម៉ោង៧និង៣០នាទីយប់ដូចគ្នា (ម៉ោងនៅកម្ពុជា)៕