លីន វីរៈ ប្រាប់មូលហេតុបាត់មុខ ទោះបីធ្លាប់ឈ្នះថៃនៅក្រៅស្រុក និងក្នុងស្រុក
ទោះបីមានសង្វៀនច្រើននាពេលបច្ចុប្បន្នដែលបានផ្តល់ឱកាសអោយកីឡាករគុនខ្មែរទាំងរលកក្រោយនិងរលកមុនចេញប្រកួតបានច្រើនយ៉ាងណាក្តី ប៉ុន្តែសម្រាប់អ្នកប្រដាល់ខ្លះនៅតែមិនសូវមានឱកាសឡើងប្រកួតបានញឹកញាប់នោះទេ ពោលជាក់ស្តែងដូចកីឡាករ លីន វីរៈ ដែលធ្លាប់ប្រកួតឈ្នះកីឡាករថៃ នៅកម្មវិធី Super Champ នាទីក្រុងបាងកក ប្រទេសថៃចំនួនពីរ បែរជាមិនបានឡើងសង្វៀនជាច្រើនខែមកហើយ។
ប្រាប់ក្រុមការងារ MSR SPORT អ្នកប្រដាល់ដើមកំណើតខេត្តស្វាយរៀង ថា ក្រោយធ្វើបានល្អក្នុងការប្រកួតនៅប្រទេសថៃ រូបគេរំពឹងថានឹងមានទីផ្សារប្រកួតអន្តរជាតិច្រើននៅស្រុកខ្មែរ ប៉ុន្តែបែរជាស្ងាត់មិនបានទទួលដំណឹងប្រកួតអន្តរជាតិសោះ ដែលធ្វើអោយគេបង្ខំចិត្តឆ្លៀតពេលទៅរត់ម៉ូតូកង់បីឥណ្ឌា ដើម្បីរកប្រាក់បន្ថែមសម្រាប់ការចំណាយផ្សេងៗក្នុងគ្រួសារ ។ កូនសិស្សរបស់លោក ឡុង ស៊ីលីន បន្ថែមថា ថ្មីៗនេះរូបគេទើបទទួលបានឱកាសល្អមួយពីកម្មវិធី អ្នកតស៊ូគុនខ្មែរគោជល់ដែលបានផ្តល់ឱកាសអោយរូបគេបានចូលរួមប្រកួតជម្រុះខ្សែក្រវាត់ ។
សូមបញ្ជាក់ថា លីន វីរៈ នឹងត្រូវប្រកួតជាមួយកីឡាករខ្មែរ អេលីត កែវឡុង ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្តនៅថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២០ ខាងមុខនេះនាសង្វៀន ស៊ី អ៊ី ស៊ី ឬស្សីកែវ ចាប់ពីម៉ោង ៦ ល្ងាចតទៅ និងផ្សាយផ្ទាល់តាមទូរទស្សន៍ CNC ៕