Okereke Timothy បន្តឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទី គិតត្រឹមសប្តាហ៍ទី៣
ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Okereke Timothy របស់ក្លិបបាល់ទាត់ ភ្នំពេញក្រោន នៅតែបន្តឈរកំពូលតារាងអ្នកទាត់បាល់បញ្ចូលទីច្រើនជាងគេ គិតត្រឹមសប្តាហ៍ទី៣ នៃពានរង្វាន់លីគកំពូលកម្ពុជា នារដូវកាល២០២០ នេះ ។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះ ទើបតែផ្លាស់មកកាន់ដឹកដី Smart RSN នារដូវកាលថ្មីនេះទេ ខណៈកាលពីនៅជាមួយក្រុមចាស់ អង្គរថាយហ្គឺរ ក៏ជាតារាជើងស៊ុតប្រចាំក្លិបផងដែរ។ ចំណែកការបង្ហាញខ្លួនជាមួយក្រុមជើងឯក ៥ សម័យកាលនេះ ទើបតែ ៣លើក ប៉ុណ្ណោះ ប៉ុន្តែអាចរកបាន ៧គ្រាប់ កំពុងឈរកំពូលតារាងអ្នកស៊ុតបានច្រើនជាងគេ នៅលីគកំពូលកម្ពុជា ស្របពេលដែលកីឡាករ ៣រូប កំពុងតាមពីក្រោយ រួមមាន Befolo Mbarga(Privat) របស់ព្រះខ័នរាជស្វាយរៀង, Dzarma Bata មកពីអង្គរថាយហ្គឺរ នឹងមិត្តរួមក្រុម Andrés Nieto រកបានម្នាក់ ៣គ្រាប់។
Timothy កំពុងជួយក្រុមបាល់ទាត់ ភ្នំពេញក្រោន ឲ្យស្ថិតនៅចំណាត់ថ្នាក់លេខ១ ដោយ ៣ប្រកួត កន្លងមកឈ្នះទាំងអស់ នឹងមិនទាន់មានក្រុមណាអាចបំបែកសំណាញ់ទីបានឡើយ ខណៈដែលសប្តាហ៍តី៤ ត្រូវជួយក្រុមការពារជើងឯក ព្រះខ័នរាជស្វាយរៀង ៕
រូបភាព៖ ភ្នំពេញក្រោន