ព្រំ សំណាង នៅតែសំណូមពរដល់អ្នកដឹកនាំកីឡាករឲ្យយកកីឡាករល្អៗជាងនេះមកប្រកួតជាមួយរូបខ្លួន
បន្ទាប់ពីអ្នកប្រដាល់នៅក្លឹបកងពលតូចទ័ពពិសេសឆ័ត្រយោង៩១១ ព្រំ សំណាង បានផ្តួលឲ្យអ្នកប្រដាល់មានដើមកំណើតនៅប្រទេសស្វីស Stojanov Gligor ត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៤ ក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែររួចមក កូនសិស្សរបស់លោកគ្រូ ហង្ស សឿន រូបនេះបាននិយាយលើសង្វៀនថា៖ ការសំណូមពររបស់គេគឺនៅតែដដែល! ពោលគឺចង់ឲ្យអ្នកដឹកនាំកីឡាករដែលមកប្រកួតនៅស្រុកខ្មែរ មេត្តាយកកីឡាករល្អៗហើយខ្លាំងៗមកប្រកួតជាមួយរូប គឺដើម្បីចង់ដឹងសមត្ថិភាពខ្លួនឯងអោយកាន់តែច្បាស់ កុំអោយប្រិយ៍មិត្តមួយចំនួននិយាយថា រូបគេស៊ីតែកីឡាករអន់ៗលក្ខណសាច់ជ្រូក៣ជាន់នោះ។
គួរបញ្ជាក់ថា កាលពីមួយរយៈមុន យូរៗគេសង្កេតឃើញ ព្រំ សំណាង ឡើងប្រកួតលើសង្វៀនម្តង តែក្នុងពេលបច្ចុប្បន្ននេះវិញ កីឡាករមានដើមកំណើតក្នុងខេត្តកំពង់ស្ពឺរូបនេះហាក់មានរាសីហ៍ឡើងជាងមុន ព្រោះក្នុង១ខែគេសង្កេតឃើញឡើងសង្វៀនប្រកួត១ទៅ២ដងដែរ។ ហើយការឡើងប្រកួតក្នុង១ខែ១ដងទៅ២ដងបែបនេះ ព្រំ សំណាង ខ្លួនឯងផ្ទាល់ក៏ធ្លាប់និយាយថា គឺជារឿងដ៏ល្អបំផុត ព្រោះអាចឲ្យចង្វាក់ប្រកួតរបស់គេកាន់តែល្អ ហើយវ៉ៃចេញចូលបានរហ័សជាងមុន៕