ឆ្នាំនេះក្លិបវិសាខា ប្រមូលកីឡាករជាតិកំពូលៗបន្ថែមក្នុងក្រុម
ក្លិបបាល់ទាត់វិសាខា បានក្លាយជាក្លិបមួយដែលមានកីឡាករជាប់ជម្រើសជាតិច្រើនជាងនាពេលកន្លមមក មិនត្រឹមតែឈុតធំនោះទេ សូម្បីតែក្នុងឈុតយុវជនក៏មានច្រើនដែរ ប៉ុន្តែក្នុងរដូវកាលនេះ វិសាខា បាននាំចូលកីឡាករជាតិល្អៗ បន្ថែមទៀតដែលមានដូចជាខ្សែបម្រើ ច្រឹង ពលរដ្ឋ និងខ្សែប្រយុទ្ធ រឹង ប៊ុនហៀង ជាដើម ។
ក្រៅពីការបន្តកិច្ចសន្យាដល់កីឡាករជាតិដែលមានសមត្ថភាពក្នុងក្រុមស្រាប់ ក្លិបអ្នកមានមួយនេះបាននាំចូលកីឡាករមកពង្រឹងក្រុមកាន់តែច្រើនក្នុងការប្រកួតប្រជែងក្នុងពានរង្វាន់លីហ្គកំពូលកម្ពុជាក្នុងរដូវកាលថ្មីដែលចាប់ផ្តើមនៅដើមខែ កុម្ភៈ នេះ និងពានរង្វាន់សម្តេច ហ៊ុន សែន ផងដែរ ។
កីឡាករជាតិដែល វិសាខា នាំចូលបន្ថែមរួមមាន ច្រឹង ពលរដ្ឋ និង រឹង ប៊ុនហៀង មកពីក្លិបក្រសួងការពារជាតិ ខណៈកីឡាករដែលក្លិបបន្តកិច្ចសន្យាដែលភាគច្រើនសុទ្ធតែជាសមាជិកក្នុងក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាមានដូចជា កែវ សុខផេង , ឆេង ម៉េង , កែវ សុខសិលា , ទិត្យ ឌីណា , អ៊ុក សុវណ្ណ , អ៊ិន សុដាវិត , កែន ចាន់សុភ័ក្រ , ស៊ិន កក្កដា , ស៊ិន សុផាន់ណាត់ ជាដើម ៕