Mats Hummels សំរេចចិត្តហើយថាត្រឡប់ទៅកាន់ក្លឹបចាស់វិញ
Borussia Dortmund បានសំរេចកិច្ចការនាំយកខ្សែការពារ Mats Hummels ពី Bayern Munich ក្នុងទីផ្សារដោះដូរកីឡាករដែលកំពុងចំហរ។ Hummels បានចាកចេញពី Dortmund កាលពីឆ្នាំ ២០១៦ ដើម្បីផ្លាស់ទៅកាន់ទឹកដី Allianz Arena ប៉ុន្តែពេលនេះរូបគេក៏សំរេចចិត្តត្រឡប់មកកាន់ក្លឹបចាស់វិញ។
យោងតាមសារព័តមាន Sky បានអោយដឹងថា Dortmund បានចំណាយកញ្ចប់ប្រាក់បំបែកកំណត់ត្រា ៣៨លានអឺរ៉ូក្នុងការទិញដូរខ្សែការពារកណ្តាលរូបនេះ ក្នុងកុងត្រារយៈពេល៣ឆ្នាំ។
តាមពិតទៅ Hummels ចាប់ផ្តើមអាជីពដំបូងជាមួយ Bayern Munich កាលពីឆ្នាំ២០០៧ ហើយក៏ត្រូវបាន Dortmund ចាប់អារម្មណ៏ខ្ជីជើងមួយរដូវកាល អំឡុងការខ្ជីជើងនោះគេបំពេញតួនាទីបានយ៉ាងល្អ ក៏ត្រូវ Dortmund ទិញផ្តាច់យកតែម្តងក្នុងឆ្នាំ ២០០៩ និងបានចំណាយរយៈពេល៧ឆ្នាំនៅកីឡដ្ឋាន Signal Iduna Park មុននិងផ្ទេរត្រឡប់មក Bayern Munich វិញក្នុងឆ្នាំ២០១៦។
បន្តរហូតមកដល់បច្ចុប្បន្នក្រោយចំណាយពេល៣ឆ្នាំនៅទឹកដី Allianz Arena ឥឡូវនេះខ្សែការពារជនជាតិអាល្លឺម៉ង់ក៏សំរេចចិត្តត្រឡប់ទៅ Dortmund សារជាថ្មីម្តងទៀតដោយស្ថិតក្រោមកុងត្រារយៈពេល៣ឆ្នាំ៕