ចាប់ខ្លួនកីឡាករ Boca Juniors ២នាក់ពីបទបង្កហិង្សាក្រោយការប្រកួត
ឧបត្តិហេតុដ៏ធ្ងន់ធ្ងរមួយបានកើតឡើងក្រោយបញ្ចប់ការប្រកួតជើងទី២នៃវគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ក្នុងពានរង្វាន់ Copa Liberadores ឬពានជើងឯកក្លិបអាមេរិកខាងត្បូង។
ក្រោយចាញ់ Atletico Mineiro ៣ទល់នឹង១ ក្នុងការទាត់កាត់សេចក្ដី ក្រុមកីឡាករមួយចំនួនរបស់ Boca Juniors បាននាំគ្នាបញ្ចេញកំហឹង ដោយបានបំផ្លាញវត្ថុមួយចំនួននៅតាមផ្លូវដើរឆ្ពោះទៅកាន់បន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយថែមទាំងព្យាយាមទៅវាយកីឡាករភាគីម្ខាងទៀត។
កីឡាករ៣រូបរបស់ Boca Juniors បានទាត់ប៉េណាល់ទីមិនចូល គឺ Sebastian Villa, Esteban Rolon និង Carlos Roberto ធ្វើឲ្យក្រុមមកពីអាហ្សង់ទីនមួយធ្លាក់ត្រឹមវគ្គ១ភាគ៨។
សារព័ត៌មាន O Tempo ឲ្យដឹងថា សមត្ថកិច្ចបានចាប់ខ្លួនកីឡាករ Boca ២រូប គឺ Zambrano និង Villa ពាក់ព័ន្ធនឹងការបំផ្លាញដោយចេតនា។ ចំណែកលោក Miguel Russo គ្រូបង្គោល Boca Juniors ក៏ត្រូវបានឃាត់ខ្លួនដើម្បីស៊ើបអង្កេតដែរ។ ទន្ទឹមនឹងនេះ ខ្សែការពារ Marcos Rojo អតីតសមាជិក Manchester United បានយកបំពង់ពន្លត់អគ្គិភ័យដេញវាយគេទៀតផង តែត្រូវបានមិត្តរួមក្រុមផ្សេងទៀតឃាត់បាន។ ប្រភពមួយបង្ហើបថា កីឡាករ Boca បានវាយប៉ូលិសផងដែរ។
ថ្លែងក្រោយការប្រកួត លោក Juan Roman Riquelme អនុប្រធានក្លិប Boca Juniors បានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះការជ្រុះចេញនេះ។ លោកថា ប្រសិនបើគ្រាប់បាល់២គ្រាប់ដែលកូនក្រុមទាត់ចូល មិនត្រូវបានអាជ្ញាកណ្ដាលបដិសេធនោះ អ្វីៗទំនងនឹងប្រែប្រួល៕