
Manchester City នៅតែរំពឹងថា Foden អាចជាសះស្បើយទាន់ពេល Premier League បើករដូវកាល
(BC-99)
ក្រុម Manchester City នឹងត្រូវប្រកួតបើករដូវកាលថ្មី Premier League 2021-2022 ដោយត្រូវធ្វើដំណើរទៅកាន់ផ្ទះមាន់ខ្នាយមាស Tottenham Hot Spur នៅសប្តាហ៍ដំបូងដោយសង្ឃឹមថា Phil Foden នឹងអាចចូលរួមការប្រកួតនេះទាន់ពេលវេលា។
កីឡាករជម្រើសជាតិ អង់គ្លេស វ័យ ២១ ឆ្នាំរូបនេះនៅតែពាក់ប្រដាប់ការពារប្រអប់ជើងខាងស្តាំនៅឡើយបន្ទាប់ពីរូបគេបានរងរបួសនៅមុនពេលដែលក្រុម តោកំណាចអង់គ្លេស ឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូ ២០២០ ។
Foden ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកបន្ថែមទៀតបន្ទាប់ពីបញ្ចប់កាតព្វកិច្ចអន្តរជាតិរបស់ខ្លួនដែលធ្វើឱ្យពេលវេលាឈប់សម្រាកព្យាបាលកាន់តែវែងនឹងអាចប៉ះពាល់ដល់ការប្រកួត Premier League ដែលនឹងចូលមកដល់នៅសប្តាហ៍ទី២នៃខែសីហាខាងមុខនេះ។
ប៉ុន្តែក្រុមជើងឯករដូវកាលចាស់ Man City នៅតែជឿជាក់ថា Foden នៅតែជាសមាជិកម្នាក់ដែលស័ក្តសមសម្រាប់ការប្រកួតបើកឆាក Premier League របស់ពួកគេទល់នឹង Tottenham Hotspur នៅថ្ងៃអាទិត្យទី ១៥ ខែសីហា ដែលជាការប្រកួតគូចុងក្រោយគេ ខណៈដែលរដូវកាលមុននេះ Foden បានដើរតួយ៉ាងសំខាន់សម្រាប់ Man City ដោយរកបាន ១៦ គ្រាប់ក្នុងការបង្ហាញខ្លួន ៥០ ប្រកួត។