វិរបុរសតោខៀវ Essien និយាយពីអតីតមិត្តរួមក្រុម Frank Lampard និងអតីតអ្នកគ្រប់គ្រង Jose Mourinho
(BC-99)
វីរបុរស Chelsea គឺលោក Michael Essien បាននិយាយថាលោកមានការកោតសរសើរចំពោះតួនាទីរបស់ Frank Lampard ក្នុងនាមជាគ្រូបង្វឹករបស់ក្រុមតោខៀវយ៉ាងខ្លាំងខណៈទាំងដែលលោកមិនដែលគិតថាអតីតខ្សែបម្រើដែលជាមិត្តរួមក្រុមរូបនេះអាចក្លាយទៅជាអ្នកគ្រប់គ្រងក្លិបទាល់តែសោះ។
Lampard ដែលបានវិលត្រឡប់មកកាន់ Stamford Bridge ក្នុងនាមជាអ្នកចាត់ការកាលពីខែកក្កដាឆ្នាំ ២០១៩ ពី Derby County បានទទួលការកោតសរសើរចំពោះវិធីដែលគាត់បានដោះស្រាយបញ្ហាទាក់ទងទៅនឹងការពិន័យដែលមិនឱ្យ Chelsea ទិញកីឡាករកាលពីរដូវកាលមុន។ មិនត្រឹមតែប៉ុណ្ណោះទេលោកថែមទាំងបានដឹកនាំ Chelsea ជាប់ចំណាត់ថ្នាក់ទី ៤ ដែលអាចបន្តប្រឡូកយុទ្ធនាការណ៍ Champions League នៅរដូវកាលនេះថែមទៀតផង។
និយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Michael Essien បានឱ្យដឹងថា “ខ្ញុំពុំដែលនឹកស្មានថា Frank អាចបំពេញសមត្ថភាពបានយ៉ាងល្អក្នុងនាមជាអ្នកដឹកនាំក្រុម Chelsea បានទាល់តែសោះ។ ជាទូទៅពួកយើងមិនដែលសួរដេញដោលគ្នាពីរឿងអនាគតឡើយកាលពីនៅជាកីឡាករ។ ខ្ញុំមិនដែលស្រមៃថាគាត់នឹងក្លាយទៅជាអ្នកចាត់ការដ៏ល្អមួយរូបរបស់ក្លិបនោះទេ។ បើអ្នកសួរថាតើខ្ញុំអាចនឹងមានអនាគតដូច Frank ឬទេ ខ្ញុំនឹងឆ្លើយនូវចម្លើយដែលមិនប្រាកដប្រជាមួយ តែពេលនេះពួកគេកំពុងតែមានអ្នកដឹកនាំមួយដ៏ល្អ”។
អតីតកីឡាករជម្រើសជាតិ Ghana រូបនេះត្រូវបានលោក Jose Mourinho ទិញពីក្លិប Lyon ចូលមកកាន់ Chelsea កាលពីឆ្នាំ ២០០៥ ក្នុងតម្លៃបំបែកឯតទគ្គកម្មនាសម័យនោះ២៥លានផោន។ Essien បានចំណាយពេលនៅជាមួយ Chelsea ដល់ឆ្នាំ ២០១៤ ដោយបានបង្ហាញខ្លួនចំនួន ១៦៨ ដងនិងស៊ុតបញ្ចូលទីបាន ១៧គ្រាប់។ លោកក៏បាននិយាយទាក់ទងទៅនឹងគ្រូបង្វឹក Spurs នាពេលបច្ចុប្បន្ននេះដែរថា “លោក Jose គឺជាអ្នកចាត់ការទូទៅដ៏ល្អមួយរូប។ ខ្ញុំតែងតែសរសើរពីវិធីសាស្រ្តគ្រប់គ្រងក្លិបរបស់គាត់។ អ្នករាល់គ្នាតែងតែសួរខ្ញុំថាទើនរណាជាអ្នកចាត់ការក្លិបបាល់ទាត់ដ៏ល្អលើលោក ខ្ញុំតែងតែតបទៅវិញថាគឺ Special One Mourinho!”។