យុវជនម្នាក់ក្លាយជាកីឡាករបរទេសក្មេងជាងគេចូលលេងឲ្យ Barca បន្ទាប់ពី Messi
Yusuf Demir បានក្លាយជាកីឡាករបរទេសវ័យក្មេងជាងគេរបស់ FC Barcelona បន្ទាប់ពីបានប្ដូរចូលក្នុងវគ្គទី២ ក្នុងការប្រកួត La Liga ស្មើ Athletic Bilbao ១ទល់នឹង១។
ស្ថិតក្នុងវ័យ១៨ឆ្នាំ និង៨០ថ្ងៃ គេក្លាយជាកីឡាករបរទេសក្មេងបំផុតក្នុងការប្រកួតយប់មិញរបស់ Barcelona បន្ទាប់ពី Lionel Messi គិតចាប់ពីខែតុលា ឆ្នាំ២០០៤។ កាលណោះ Messi មានអាយុ១៧ឆ្នាំ និង១១៤ថ្ងៃ។
Demir ត្រូវបានប្ដូរជំនួស Martin Braithwaite ក្នុងនាទី៦២។ នេះជាការប្រកួតដំបូងដែររបស់យុវជនជនជាតិអូទ្រីសចាប់តាំងពីចូលរួមជាមួយ Barcelona អំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ គេត្រូវបាន Barca ខ្ចីពីក្លិបអូទ្រីស Rapid Vienna ដោយភ្ជាប់ជាមួយគម្រោងទិញផ្ដាច់ក្នុងតម្លៃ១០លានអឺរ៉ូ។
លោក Ronald Koeman គ្រូបង្គោល FC Barcelona ជឿជាក់ថា Demir នឹងទទួលបានបទពិសោធច្រើនពីការចូលលេងនេះ៕