សហព័ន្ធបាល់ទាត់កម្ពុជា សំណូមពរដល់អ្នកដែលទៅចូលរួមទស្សនាបាល់ទាត់ល្ងាចនេះមេត្តាចោលសំរាមក្នុងធុង
នៅវេលាម៉ោង ៦និង៣០នាទីល្ងាច ថ្ងៃចន្ទ ទី ១០ កញ្ញានេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឈុតធំ ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវម៉ាឡេស៊ី នៅទីលានកីឡដ្ឋានជាតិ សម្រាប់ការប្រកួតមិត្តភាព។ ជាការប្រកួតមិត្តភាព ដែលមានលក្ខណៈពិសេស ព្រោះក្រុមគោព្រៃកម្ពុជា នឹងមានគ្រូបង្វឹកថ្មី ដែលជាអតីតកីឡាករជប៉ុនដ៏ល្បី គឺលោក Keisuke Honda។
មុននឹងការប្រកួតចាប់ផ្តើមនៅថ្ងៃនេះ សហព័ន្ធបាល់ទាត់កម្ពុជាបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលទៅចូលរួមទស្សនាការប្រកួតមិត្តភាពនាល្ងាចនេះ សូមមេត្តារក្សាអនាម័យនឹងយកសំរាមទៅចោលក្នុងធុងសំរាមតាមទីតាំងនីមួយៗ ព្រោះថាកន្លងមករាល់ជំនួបការប្រកួតដែលមានអ្នកមកចូលរួមទស្សនាច្រើនកុះករ នៅពេលដែលការប្រកួតត្រូវបានបញ្ជប់គេឃើញមានសំរាមត្រូវបានចោលពាសវាលពាសកាល ដូចនេះហើយទើបសហព័ន្ធបាល់ទាត់កម្ពុជាបានរាបដាក់ធុងសំរាមជាច្រើននៅជំវិញទីលានប្រកួត ដើម្បីអោយបងប្អូនប្រជាពលរដ្ឋដែលទៅចូលរួមទស្សនាមានភាពងាយស្រួលក្នុងការចោលសំរាម។