សម្ដេចធិបតីឧបត្ថម្ភ២០០លានរៀលក្នុងមួយឆ្នាំរយៈពេល៤ឆ្នាំដល់មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសគាំទ្រ ការបង្កើតមូលនិធិជន ពិការតេជោសែន ដោយសម្តេចនឹងឧបត្ថម្ភថវិកា ២០០លានរៀលក្នុង១ឆ្នាំ រយៈពេល៤ឆ្នាំដំបូង សម្រាប់ទ្រទ្រង់ដំណើរការ មជ្ឈមណ្ឌលមួយនេះ ។
ក្នុងឱកាសអញ្ជើញ សម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាថ្ងៃទី២១ មីនា តបតាមសំណើរ របស់ប្រធានមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន សម្តេចធិបតីបានឯកភាព និងគាំទ្រដល់ការបង្តើត មូលនិធិតេជោសែន ដើម្បីគៀងគរប្រភពថវិកា ។ ជាមួយនឹងការឯកភាពនៃការបង្កើតមូលនិធិនេះ សម្តេចធិបតី ក៏បានឲ្យរួមបញ្ជូលគ្នា រវាងមូលនិធិ ជនពិកាហ៊ុនសែន ដែលបង្កើតក្នុងឆ្នាំ១៩៩៧ មកនៅក្នុងមូល និធិជន ពិការតេជោសែនតែមួយតែម្តងផងដែរ ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានឲ្យរៀបចំលក្ខន្តិកៈ ឲ្យបានត្រឹមត្រូវ ដើម្បីធានាប្រសិទ្ធភាព ក្នុងការគ្រប់គ្រង ក៏ដូចជាការបង្កើតការទុកចិត្ត និងការចូលរួមដល់មូលនិធិនេះផងដែរ ៕