AS Roma ត្រៀមប្តឹង Bordeaux ក្រោយ Malcom ផ្ទេរទៅកាន់ FC Barcelona
ក្រុមអ្នកមានបុណ្យ FC Barcelona បានចុះហត្ថលេខាទិញខ្សែបម្រើប្រេស៊ីល Malcom លើកិច្ចសន្យា៥ឆ្នាំពីក្លិប Girondins Bordeaux ក្នុងតម្លៃខ្លួន ៤៧ លានដុល្លារអាមេរិកបន្ទាប់ពីក្លឹប Roma បរាជ័យក្នុងការផ្ទេរ។
Bordeaux និង Roma សុទ្ធតែបានប្រកាសថា ពួកគេបានព្រមព្រៀងគ្នាក្នុងការផ្ទេរ Malcom គ្រាន់តែកីឡាករមិនទាន់បានចុះហត្ថលេខាប៉ុណ្ណោះ។ ទោះជាយ៉ាងណា មួយថ្ងៃក្រោយមក ខ្សែស្លាបត្រូវបានប្រកាសថាបានទៅចូលរួមជាមួយ Barcelona ទៅវិញ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលមែនទែនក្នុងមជ្ឈដ្ឋានតាមដានបាល់ទាត់និងបណ្ដាលឲ្យមានជាចម្ងល់ជាច្រើន។
ដោយឡែក នាយកផ្នែកកីឡាកររបស់ក្លឹប Roma លោក Monchi បាននិយាយថាក្លឹបកំពុងពិនិត្យមើលផ្លូវច្បាប់ថា តើក្លឹបអាចប្ដឹងក្លឹប Bordeaux បានឬអត់។
បើតាមការចុះផ្សាយរបស់សារព័ត៌មានជាច្រើនបានឲ្យដឹងថាតម្លៃដែល Roma និង Bordeaux ព្រមព្រៀងគ្នាស្ថិតក្នុងរង្វង់៤០លានអឺរ៉ូដើម្បីផ្ទេរ Malcom ខណៈ Barcelona ហ៊ានឲ្យ៤២លានអឺរ៉ូ។