មកដឹងចំណុចពិសេសរបស់ប្រធានក្រុម U23 កម្ពុជា តាំង ប៊ុនឆៃ
តាំង ប៊ុនឆៃ បច្ចុប្បន្នជាខ្សែការពារស្នូលមួយរូបនៅបឹងកេត និងកំពុងលេចធ្លោក្នុងក្រុមជម្រើសជាតិ។
យុវជនមានកំណើតនៅរាជធានីភ្នំពេញបានដុះដាលចេញពីសាលាបាល់ទាត់ជាតិបាទីជាទីរូបគេចំណាយពេលហ្វឹកហាត់ពីចន្លោះឆ្នាំ២០១៦ដល់ដាច់ឆ្នាំ២០២០ និងបានជាប់ជម្រើសជាតិអាយុ១៤ឆ្នាំដល់១៦ឆ្នាំ។
លោក សាប៊ូន វិនតា ដែលធ្លាប់ជាគ្រូបង្វឹកមួយរូបរបស់ប៊ុនឆៃ កាលនៅសាលាបាល់ទាត់ជាតិបាទី ប្រាប់ថា រូបគេចុះឈ្មោះចូលហាត់បាល់ចុងក្រោយគេទៅហើយ ពោលរៀបនឹងបិទបញ្ជី។ ប៉ុន្តែដោយសារតែការប្ដេជ្ញាចិត្ត និងការលើកទឹកចិត្តពីគ្រួសារ ប៊ុនឆៃ បានព្យាយាមយ៉ាងខ្លាំងដើម្បីបានធ្វើតេស្ដ។
លោក វិនតា សង្កត់ធ្ងន់ថា ចំណុចពិសេសរបស់គេ គឺការលេងងាយៗ, ការរំងាប់បាល់ និងការបញ្ជូនបាល់បានល្អ ហើយគេមានអត្តចរិតល្អនៅលើទីលានថែមទៀត។
ចំណែកលោក ភា សុភ័ក្ត្រា បន្ថែមថា ប៊ុនឆៃ មានភាពអំណត់ខ្លាំង ពោលមិនងាយបោះបង់។ លោកបានលើកឧទាហរណ៍អំឡុងការហ្វឹកហាត់មួយក្នុងក្រុមជម្រើសជាតិ ប៊ុនឆៃ បានសម្រេចរអិលខ្លួនទៅរារាំងបាល់ រហូតដល់បុកបង្គោលឈឺខ្លួនឯង។ យ៉ាងណា គេសុខចិត្តឈឺខ្លួនឯង តែមិនឲ្យបាល់ចូលទេ។
តាំង ប៊ុនឆៃ បានចូលរួមជាមួយបឹងកេត ក្នុងរដូវកាល២០២១ ហើយក៏បានវិវឌ្ឍខ្លួនរហូតក្លាយជាកីឡាករមិនអាចខ្វះបាន។ គេអាចលេងជាខ្សែការពារកណ្ដាល និងខ្សែការពារស្លាប។ ចំណុចពិសេសមួយទៀតរបស់គេ គឺការស្លាយបាល់បានច្បាស់ៗ៕