គ្រូ U18 បាទីនឹងដឹកនាំក្រុម U23 កម្ពុជាប្រកួតជម្រុះយុវជនអាស៊ីជាបណ្ដោះអាសន្ន
លោក Koji Gyotoku គ្រូបង្គោលក្រុមយុវជនសាលាបាល់ទាត់បាទីអាយុក្រោម១៨ឆ្នាំនឹងដឹកនាំក្រុមជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំកម្ពុជាក្នុងយុទ្ធនាការជម្រុះជើងឯកយុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ AFC U23 Asian Cup 2024។
ការប្រកួតជម្រុះយកកៅអីទៅកាន់ជុំផ្ដាច់ព្រ័ត្រឆ្នាំ២០២៤នៅប្រទេសកាតារនេះ កម្ពុជាស្ថិតក្នុងពូល J ដែលមានអារ៉ាប៊ីសាអ៊ូឌីត, លីបង់ និងម៉ុងហ្គោលី។ វគ្គជម្រុះពូល J នេះចាប់ផ្ដើមពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវតទល់ក្រុម U23 លីបង់ លើទឹកដីអារ៉ាប៊ីសាអ៊ូឌីត។
ការប្រកួតជម្រុះទាំងអស់មានពីពូល A ដល់ពូល K។ ក្រុមលេខ១តាមពូលនីមួយៗចំនួន១១ក្រុម បូករួមទាំងក្រុមលេខ២ល្អចំនួន៤ក្រុម សរុប១៥ក្រុមឡើងទៅកាន់ជុំចុងក្រោយ ក្នុងឆ្នាំ២០២៤ ដែលមានក្រុមម្ចាស់ផ្ទះកាតាររង់ចាំជាស្រេច។ ដូច្នេះសរុបទាំងអស់មាន១៦ក្រុមនៅជុំចុងក្រោយ។
តាមពិតទៅតួនាទីជាគ្រូបង្គោលក្រុម U23 កម្ពុជា ជាបន្ទុករបស់លោក Felix Dalmas ប៉ុន្តែគ្រូបង្វឹកជនជាតិអាហ្សង់ទីនរូបនេះត្រូវមានភារកិច្ចជាមួយក្រុមធំ ដែលត្រូវទទួលភ្ញៀវជម្រើសហុងកុង នៅថ្ងៃទី០៧ ខែកញ្ញា និងថ្ងៃទី១១ ខែកញ្ញា ត្រូវទទួលក្រុមជម្រើសម៉ាកាវ។ ការប្រកួតទាំង២នឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។