ថ្នាក់ដឹកនាំកីឡាមហាផ្ទៃប្ដេជ្ញាខិតខំបង្កើនផ្លែផ្កាក្នុងការប្រកួត World Police ឆ្នាំក្រោយៗទៀត
ក្រុមកីឡាក្រសួងមហាផ្ទៃនឹងប្រឹងប្រែងបង្កើនសមត្ថភាពដើម្បីរកបានមេដាយកាន់តែច្រើនថែមទៀតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក ឆ្នាំក្រោយៗទៀត។ នេះបើការអះអាងពីឯកឧត្ដម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
ឯកឧត្ដម សរ សិទ្ធិ មានប្រសាសន៍បែបនេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រឹកថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០២៣ ក្រោយវិលពីដឹកនាំប្រតិភូ អត្តពលិកកីឡាក្រសួងមហាផ្ទៃចូលរួមការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក ឆ្នាំ២០២៣។
“ដោយបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន លោកបានអនុញ្ញាតជាគោលការណ៍ឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃចូលរួមព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោកដែលរៀបចំ២ឆ្នាំម្ដង។ យើងក៏បានត្រៀមខ្លួនសម្រាប់រាល់ព្រឹត្តិការណ៍២ឆ្នាំម្ដងនេះ។ ទាក់ទងនឹងលទ្ធផលយើងរក្សាមេដាយដដែល ឬកើនទៀត។ នេះពាក់ព័ន្ធនឹងការត្រៀម ទាំងការហ្វឹកហាត់របស់គ្រូបង្វឹក និងអត្តពលិកយើង។ យើងនឹងខិតខំដើម្បីបង្កើនមេដាយរបស់យើង។”
គួរដឹងដែរថា ក្រុមកីឡាករ កីឡាការិនីនៃអង្គភាពកីឡាក្រសួងមហាផ្ទៃកម្ពុជា ទទួលបានមេដាយព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក(World Police & Fire Games)បានរៀបចំនៅប្រទេសកាណាដា ដែលមានប្រទេសនៅលើពិភពលោកចូលរួមសរុប៧០ប្រទេស ដំណើរការប្រកួតពីទី២៨ខែ កក្កដា រហូតដល់ថ្ងៃទី៦ ខែ សីហា។
មេដាយទាំង៧១គ្រឿងនោះរួមមាន មេដាយមាស៣៣គ្រឿង ប្រាក់២៩គ្រឿង និងសំរឹទ្ធ ៩គ្រឿង។
កម្ពុជាបានបញ្ជូនក្រុមកីឡានគរបាលជាតិកម្ពុជានិងប្រតិភូទៅចូលរួមចំនួន៤៩រូបចំនួន១៣ប្រភេទកីឡារួមមាន៖ កីឡាវាយសី, យូដូ, ជឺជីតស៊ូ, ការ៉ាតេ, ហែលទឹក, វាយកូនឃ្លីលើតុ, បាល់ទះក្នុងសាល, បាល់ទះឆ្នេរខ្សាច់, ចំបាប់, ចំបាប់កាច់ដៃ , វាយកូនគោល, លើកទម្ងន់Bench Press និងកីឡាលើកទម្ងន់Push -Pull lifting សរុបទាំងអស់ស្មើនឹង ៧៦វិញ្ញាសាប្រកួត៕