កូនកាត់ខ្មែរអ៊ីរ៉ង់ ស៊ូ បាលី ឈ្នះមេដាយមាសចំបាប់សម្រាប់កម្ពុជា
កីឡាករកូនកាត់ខ្មែរ-អ៊ីរ៉ង់ ស៊ូ បាលី ដណ្ដើមបានឈ្នះមេដាយមាស លើវិញ្ញាសាក្រិចកូរ៉ូម៉ាំង ទម្ងន់ ១៣០ គីឡូក្រាម កីឡាចំបាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅថ្ងៃអាទិត្យ ទី១៤ ខែឧសភា នេះ។
ស៊ូ បាលី បានយកឈ្នះលើកីឡាកររបស់ថៃ ហើយការប្រកួតលើកទី២ បាលី បានឈ្នះកីឡាករសិង្ហបុរី Loh Yutimoltry។
ការទទួលបានជ័យជម្នះ ២ លើកជាប់ៗគ្នានេះ បានជួយឱ្យ ស៊ូ បាលី ទទួលបានមេមាសតែម្តង ដោយវិញ្ញាសានេះ មានតែ៣ប្រទេសចូលរួមទេ ហើយនេះក៏ជាមេដាយមាសទី២ ដែលគេយកបានសម្រាប់កម្ពុជា ផងដែរបន្ទាប់ស៊ីហ្គេមនៅប្រទេសវៀតណាម។
យ៉ាងណាមិញ សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ កីឡាករទម្ងន់ធ្ងន់ ស៊ូ បាលី ក៏នឹងត្រូវប្រកួតចំបាប់សេរី ក្នុងទម្ងន់ ១២៥ គីឡូក្រាមនេះផងដែរ៕