
លោក Satoshi បញ្ជាក់មូលហេតុព្រៃវែងអេហ្វស៊ីបានឡើងលីគកំពូល
ក្លិបបាល់ទាត់ព្រៃវែងអេហ្វស៊ីត្រូវបានដំឡើងទៅកាន់ក្របខណ្ឌកំពូលកម្ពុជាជាមួយអាយអេសអាយដង្កោសែនជ័យសម្រាប់រដូវកាល២០២៣/២០២៤។
លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ បានលើកឡើងថា ព្រៃវែងអេហ្វស៊ីបានបំពេញតាមអាជ្ញាបណ្ណក្លិប។ ម្យ៉ាងពួកគេមានក្រុមកីឡាករលេងបានល្អ ត្រូវតាមការ លក្ខខណ្ឌ ទើបអាចផ្ដល់អាជ្ញាបណ្ណជូនក្រុមក្លិបបាល់ទាត់ខេត្តព្រៃវែងជាក្លិបថ្នាក់ជាតិ នាពេលនេះ។
លោកលើកឡើងនេះគឺនៅក្នុងឱកាស នៃការប្រកាសក្លិបបាល់ទាត់ខេត្តព្រៃវែង បានជាប់អាជ្ញាបណ្ណក្លិបថា្នក់ជាតិ និងចូលរួមប្រកួតក្នុងលីគកំពូលកម្ពុជារដូវកាលឆ្នាំ២០២៣-២០២៤ ដែលពិធីនេះធ្វើនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។ ពិធីនោះ ក៏មានការអញ្ជើញជាអធិបតីលោក សួន សុម៉ាលីន អភិបាលរងខេត្ត និងជាប្រធានប្រធានក្លិបបាល់ទាត់ខេត្តព្រៃវែង រួមជាមួយនឹងមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្រុមកីឡាបាល់ទាត់ជាច្រើនរូប។
លោក Satoshi ក៏បានផ្ដាំផ្ញើដល់ក្រុមកីឡាករក្នុងក្លិបបាល់ទាត់ខេត្តព្រៃវែងទាំងអស់នៅពេលដែលប្រកួត ត្រូវខិតខំយកអស់កម្លាំងកាយចិត្តដើម្បីធ្វើយ៉ាងណាលេងឲ្យបានល្អសម្រាប់ក្លិបរបស់ខ្លួន៕