លោក Ryu មិនស្ដាយរឿងដាក់គោលដៅយកមេដាយមាសស៊ីហ្គេម
ក្រោយចាញ់ឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃទី១០ ឧសភា គ្រូបង្គោល Ryu Hirose របស់ U22 កម្ពុជា បាននិយាយថា លោកមិនស្តាយក្រោយដែលប្រកាសពីគោលដៅឈ្នះមេដាយមាសមុនស៊ីហ្គេមលើកទី៣២។
លោក Ryu Hirose បាននិយាយអំពីការប្រកួតថា “U22 ឥណ្ឌូណេស៊ី ខ្លាំងដូចថៃ និងវៀតណាមក្នុងពូល B ពួកគេលេងបានល្អជាង និងសមនឹងទទួលបានជ័យជម្ន។ យើងនៅខ្វះចំណុចជាច្រើនដូចជាកម្លាំងកាយ និងបច្ចេកទេសដើម្បីឆ្លងផុតវគ្គចែកពូល។”
លទ្ធផលនេះក៏មានន័យថា កម្ពុជា U22 ត្រូវធ្លាក់ចេញពីវគ្គចែកពូល។ បរាជ័យរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ គឺផ្ទុយពីគោលដៅដើមដែលគ្រូបង្វឹកជនជាតិជប៉ុន ធ្លាប់បានថ្លែងមុនស៊ីហ្គេមលើកទី៣២។
“តាមពិតមុនការប្រកួត ខ្ញុំគ្រាន់តែនិយាយថា ការឈ្នះមេដាយមាសស៊ីហ្គេម គឺជាគោលដៅរបស់ខ្ញុំ និងជាគោលដៅរបស់ក្រុមទាំងមូល មិនមែនអះអាងថាធ្វើបាននោះទេ ដូច្នេះខ្ញុំមិនមានការសោកស្តាយចំពោះអ្វីដែលខ្ញុំបានធ្វើនោះទេ ឥឡូវនេះក្រុមមិនបានឆ្លងផុតពូល។ វាជាទំនួលខុសត្រូវរបស់ខ្ញុំ។”