U22 ថៃកោះហៅកីឡាករមកពីអឺរ៉ុប២នាក់ត្រៀមប្រកួតស៊ីហ្គេមនៅកម្ពុជា
គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម២២ឆ្នាំ លោក Issara Sritaro បានកោះហៅកីឡាករ ២ រូបមកពីតំបន់អ៉ឺរ៉ុបសម្រាប់ត្រៀមស៊ីហ្គេមលើកទី ៣២។
ខ្សែបម្រើវ័យ ២២ ឆ្នាំ Chayapipat Supunpasuch ដែលកំពុងលេងនៅលីគទី ៤ ព័រទុយហ្គាល់ S.C. Praiense និងខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំ Achitpol Keereerom ដែលកំពុងលេងនៅលីគទី ៤ របស់អាល្លឺម៉ង់ក្នុងក្រុម FC Augsburg II ទទួលបានការកោះហៅចូលបញ្ជីបឋម ២៩ នាក់ចុងក្រោយរបស់ក្រុមដើម្បីបោះជំរំហ្វឹកហាត់ត្រៀមស៊ីហ្គេមនៅកម្ពុជា។
កីឡាករសំខាន់ៗមួយចំនួនដែលធ្លាប់បង្ហាញខ្លួននៅស៊ីហ្គេមលើកទី ៣១ នៅ វៀតណាមដូចជា ៖ Jonathan Khemdee, Airfan Doloh និង Teerasak Poeiphimai ក៏ទទួលបានការកោះហៅចូលរួមក្រុមដូចគ្នាផងដែរ៕