កត្តាទាំងនេះហើយធ្វើឲ្យកែវ សុខផេង ក្លាយជាកីឡាករបាល់ទាត់ឆ្នើមមួយរូប
ទម្រាំបានក្លាយទៅជាកីឡាករបាល់ទាត់ឆ្នើម និងមានឈ្មោះបោះសម្លេងមួយរូបនៅកម្ពុជា កែវ សុខផេង បានឆ្លងកាត់រឿងរ៉ាវ និងការតស៊ូជាច្រើន។
តាមរយៈកិច្ចសម្ភាសជាមួយស្ថាប័នពាណិជ្ជកម្មក្នុងស្រុកមួយ ខ្សែប្រយុទ្ធវិសាខារូបនេះរំឭកថា “៖ ខ្ញុំចូលចិត្តលេងបាល់តាំងពីតូច ហើយបងប្រុសរបស់ខ្ញុំតែងនាំខ្ញុំទៅទាត់បាល់ជាមួយគាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែនៅពេលត្រឡប់មកវិញម៉ាក់តែងស្តីបន្ទោស និងវ៉ៃខ្ញុំរហូតដោយសាររាល់ពេលលេងបាល់ម្តងៗខោអាវប្រឡាក់ដី ។ បងប្រុសខ្ញុំឈ្មោះ កែវ សុខង៉ន គាត់តែងទទួលបានជ័យជំនះនៅពេលប្រកួតបាល់ទាត់អន្តរជាតិ និងប្រកួតផ្សេងៗ មិនតែប៉ុណ្ណោះគាត់ក៏ជាកីឡាករដែលតំណាងប្រទេសកម្ពុជាទៅប្រកួតអន្តរជាតិផងដែរ ។ ខ្ញុំធ្លាប់មានក្តីប្រាថ្នាចង់ក្លាយជាកីឡាករម្នាក់ដូចបងប្រុសរបស់ខ្ញុំដែរ គឺមានការទទួលស្គាល់ មានការគោរពស្រឡាញ់ ហើយខ្ញុំពិតជាមានមោទកភាពណាស់នៅពេលគាត់ចេញទៅប្រកួតតំណាងឲ្យប្រទេសជាតិ ។ ស្រាប់តែពេលដែលខ្ញុំធំឡើង ខ្ញុំបែរជាចូលចិត្តកីឡាបាល់ទះ ហើយបេ្ដជ្ញាចិត្តលេងវាឲ្យបានល្អប៉ុន្តែលទ្ធផលនៅពេលលេងបាល់ទះវាមិនដូចទៅនឹងអ្វីដែលខ្ញុំបានរំពឹងទុកឡើយ។ វាបានធ្វើឲ្យខ្ញុំខកចិត្តខ្លាំងមែនទែនព្រោះខ្ញុំគិតថាប្រហែលខ្លួនឯងគ្មានទេពកោសល្យលើវិស័យបាល់ទះទេ ។ អំឡុងពេលនោះបងប្រុសរបស់ខ្ញុំអាចរកគ្រាប់បាល់ពីការប្រកួតអន្តរជាតិបាត់ទៅហើយ ។ ហើយនៅក្នុងបាល់ទាត់គាត់មានឈ្មោះល្បីល្បាញ និងជាសមាជិកឆ្នើមជាងគេនៅក្នុងក្រុមផងដែរ ។ ផ្លែផ្ការបស់គាត់នេះហើយជាកម្លាំងជំរុញទឹកចិត្តខ្ញុំ។”
កែវ សុខផេង បន្តថា ការលេងបាល់ទាត់ទាមទារឲ្យមានការខិតខំប្រឹងប្រែង ជម្នះឧបសគ្គ និងមានការតស៊ូទើបធ្វើឲ្យទទួលបានលទ្ធផលល្អ។
គួរដឹងដែរថា កីឡាករ កែវ សុខផេង បានសម្រេចចិត្តចូលនិវត្តន៍ហើយដោយសារបញ្ហារបួសផងនិងចង់ផ្ដល់ឱកាសដល់ប្អូនៗជំនាន់ក្រោយផង៕