ខ្សែការពារទ័ព Sarayut ថា លេងនៅលីគកម្ពុជា ហត់ជាងនៅថៃ
“លេងនៅលីគកម្ពុជាហត់ជាងនៅលីគថៃ ព្រោះនៅខាងថៃលេងប្រើបច្ចេកទេសច្រើន ប៉ះបាល់ខ្លីៗ ចំណែកលីគកម្ពុជាលេងបាល់វែង និងរត់ច្រើន។” នេះជាការលើកឡើងរបស់ខ្សែការពារ Sarayut Sompim តាមរយៈកិច្ចសម្ភាសជាមួយស្ថាប័នក្នុងស្រុកមួយ។
អតីតកីឡាករជម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំបច្ចុប្បន្នជាសមាជិករបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងជារដូវកាលទី១ដែលរូបគេមក។ គេពេលមកដំបូងៗពិបាក តែឥឡូវអាចសម្របខ្លួនបាន។ យុវជនដដែលទទូចថា ចង់បានបទពិសោធថ្មីៗ បានជាសម្រេចចិត្តមកប្រកបអាជីពនៅទីនេះ។
កីឡាករមានឪពុកម្ដាយជាប់សែស្រឡាយខ្មែរមានកំណើតនៅខេត្តបុរីរម្យរូបនេះផ្ដើមអាជីពបាល់ទាត់នៅ Bangkok United ឆ្នាំ២០១៦ មុនផ្លាស់ទៅ Buriram United ឆ្នាំ២០១៧។ ចន្លោះឆ្នាំ២០១៨ដល់២០២១ គេបានផ្ទេរទៅ Air Force, PTT Rayong និង Suphanburi លើកិច្ចសន្យាខ្ចី។ រដូវកាល២០២១/២០២២ គេចូលរួមជាមួយ Samut Prakan City ហើយដើមឆ្នាំ២០១៣ គេលេងនៅ Nakhonsi United។
និយាយពីជម្រើសជាតិវិញ យុវជនមានឈ្មោះក្រៅហៅថា ទ្រុល លេងនៅ U19 ថៃ ឆ្នាំ២០១៥ដល់២០១៦, U21 ឆ្នាំ២០១៧/២០១៨ U23 ឆ្នាំ២០១៩ និង២០២០។ គេរកបានមួយគ្រាប់ឱ្យ U23 ថៃតទល់ប្រ៊ុយណេ នៅស៊ីហ្គេម២០១៩។ គេជាកូនច្បងក្នុងគ្រួសារដែលមានកូនប្រុស២នាក់។ ឪពុកម្ដាយរបស់គេជាកសិករ៕