ការប្រកួត១នេះនឹងកំណត់វាសនាគ្រូ PSG
សារព័ត៌មានបារាំង Le Parisien ផ្សាយថា លោក Christopher Galtier នឹងមិនបន្តធ្វើគ្រូបង្គោល Paris Saint Germain ក្នុងរដូវកាល២០២៣/២០២៤។
ប្រភពដដែលសង្កត់ធ្ងន់ថា ការប្រកួតលីគកំពូលបារាំងរវាង PSG និង Nice ក្នុងជុំទី៣០ នៅថ្ងៃទី០៩ ខែមេសា នឹងកំណត់ពីអនាគតលោក Galtier។ ប្រសិនបើក្រុមមានមូលដ្ឋាននៅក្រុងប៉ារីសបរាជ័យ នោះប្រធានក្លិប Nasser Al-Khelaifi នឹងសម្រេចដកតំណែងតែម្ដង។
Le Parisien បង្ហើបដែរថា ក្រោយចាញ់ Lyon ០ទល់នឹង១ កាលថ្ងៃទី០៣ ខែមេសា ភាគហ៊ុននិក PSG បានជួបជាមួយទីប្រឹក្សាផ្នែកកីឡា Luis Campos ដើម្បីស្នើដកតំណែងលោក Galtier។ ផ្ទុយទៅវិញ លោក Campos មិនព្រម និងបានបង្ហាញការគាំទ្រទៅវិញ។
លោក Campos ស្ថិតក្នុងចំណោមអ្នកណែនាំថ្នាក់ដឹកនាំ PSG ចុះកុងត្រាលោក Galtier កាលដើមរដូវកាល។ យ៉ាងណា ភាគីទាំងចាប់ផ្ដើមមិនត្រូវគ្នាទេ។
៤ប្រកួតចុងក្រោយនេះ PSG បានចាញ់៣ប្រកួតទៅហើយ ហើយចាប់តាំងពីចូលឆ្នាំ២០២៣មក ពួកគេបានរងបរាជ័យដល់ទៅ៨ប្រកួត៕