FIFA បង្កើនថវិកាផ្ដល់ដល់ក្លិបដែលមានកីឡាករលេង World Cup 2026
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានបង្កើនចំនួនដែលបានបង់ទៅឱ្យក្លឹបសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ និង ២០៣០ ចំនួន៧០ភាគរយដល់៣៥៥លានដុល្លារ។
កាលពីមុនចំនួនប្រាក់ដែលក្លិបទទួលបាននៅពេលមានកីឡាករសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៨ និង២០២២ គឺប្រហែល២០៩លានដុល្លារ។ នៅថ្ងៃទី២៧ ខែមីនា អនុស្សរណៈនៃការយោគយល់ថ្មីមួយត្រូវបានចុះហត្ថលេខានៅមហាសន្និបាតនៃសមាគមក្លឹបអឺរ៉ុប (ECA,) នៅក្រុង Budapest ប្រទេសហុងគ្រី។
លោក Nasser Al-Khelaifi ប្រធាន ECA បាននិយាយថា “៖យើងមានសេចក្តីសោមនស្សរីករាយដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់នេះ។ អនុស្សរណៈទទួលស្គាល់ក្លិបតួនាទីធំៗនៅជុំវិញពិភពលោក និងធានាថាពួកគេមានសិទ្ធិពេញលេញចំពោះផលប៉ះពាល់ដែលអាចប៉ះពាល់ដល់ស្ថានភាពរបស់ក្រុម។ “
លើសពីនេះទៀត FIFA និង ECA បានឈានដល់កិច្ចព្រមព្រៀងដើម្បីពង្រីកការប្រកួត Club World Cup ចាប់ពីឆ្នាំ២០២៥ ។ ការប្រកួតនេះនឹងរួមបញ្ចូលក្លិបកំពូលចំនួន៣២របស់ពិភពលោកចូលរួម ដោយជំនួសទម្រង់បច្ចុប្បន្នដែលមានតែ៧ក្រុមប៉ុណ្ណោះ៕