
កម្ពុជាបានមេដាយ២គ្រឿងពីប្រដាល់សកលជើងឯកអាស៊ី U22
កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជាកាត់អ៊ូសបេគីស្ថាន រ៉ាចាពៅ អាប់ឌុលឡា បានប្រកួតជាមួយកីឡាករ T.NURATBEK កីឡាករអ៊ូបេគីស្ថានក្នុងប្រភេទទម្ងន់៩២គីឡូក្រាម ចាញ់ដោយពិន្ទុ ក្នុងការប្រកួតប្រដាល់សកល ជើងឯកអាស៊ីអាយុក្រោម ២២ឆ្នាំ (ASBC Asian U22 Boxing Championship) នៅប្រទេសថៃ រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣។
នេះជាមេដាយប្រាក់លើកដំបូងសម្រាប់កម្ពុជាក្នុងការប្រកួតប្រដាល់សកលកម្រិតអាស៊ី និងជាមេដាយទី២ ក្នុងព្រឹត្តិការណ៍នេះបន្ទាប់ពីកីឡាករ ពេញ វណ្ណថង បានទទួលមេដាយសំរឹទ្ធក្នុងវិញ្ញាសាទម្ងន់ ៦៧គីឡូក្រាម។
សូមបញ្ជាក់ផងដែរថា កម្ពុជាបានបញ្ជូនកីឡាករ ៣រូប និងកីឡាការិនីមួយរូប ទៅចូលរួមប្រកួត។ កីឡាករទាំង ៣រូប មានពេញ វណ្ណថង ទម្ងន់៦៧គីឡូក្រាម,ហ៊ុន គឹម ហ៊ាង ទម្ងន់៧១គីឡូក្រាម,រ៉ាចាពៅ អាប់ឌុលឡា ទម្ងន់៩២គីឡូក្រាម និងកីឡាការិនី វី ស្រីស្រស់ ទម្ងន់៥៧គីឡូក្រាម។ ហើយព្រឹត្តិការណ៍នេះ មានប្រទេសចំនួន ២១ ចូលរួមដែលចាប់ផ្ដើមពីថ្ងៃទី១៦ ដល់ ២៧ មករា ២០២៣ នៅប្រទេសថៃ។
គួររំឭកថា នេះជាលើកទី២ហើយសម្រាប់កីឡាករ រ៉ាចាពៅ អាប់ឌុលឡា សម្រាប់ការប្រកួតតំណាងឲ្យកម្ពុជាក្នុងព្រឹត្តិការណ៍ធំៗ ខណៈលើកទី១ កាលពីឆ្នាំ២០២០ កីឡាកររូបនេះក៏បានចូលរួមប្រកួតជើងឯកអាស៊ីដូចគ្នាដែរ នៅប្រទេស ហ៊្សកដានី ដោយកាលនោះបានធ្លាក់ត្រឹមវគ្គ១/៤ បន្ទាប់ពីឈ្នះជុំដំបូងលើកីឡាករកូរ៉េខាងត្បូង៕