បឺត ខាំ , សេន ប៊ុនថេន និង ឃីម ឌីម៉ា ប្រកាសគាំទ្រកំណែទម្រង់ថ្មីរបស់សហព័ន្ធគុនខ្មែរ
គ្រូបង្វឹកក្រុមជម្រើសជាតិប្រដាល់គុនខ្មែរដែលមានដូចជា សេន ប៊ុនថេន , បឺត ខាំ , ឃីម ឌីម៉ា , សាន សៅយ៉ាន់ និង សៅ ប៊ុននឿន សុទ្ធតែប្រកាសពេញចិត្តសម្រាប់កំណែទម្រង់ថ្មីរបស់សហព័ន្ធគុនខ្មែរដែលមានឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិទី៧ឆ្នាំ២០២១-២០២៥ ដែលទើបជាប់ឆ្នោតបន្តដឹកនាំ ។
សេន ប៊ុនថេន និង បឺត ខាំ បានបញ្ជាក់ក្នុងឡាយថ្ងៃនេះថា លោកទាំងពីរ និងក្រុមគូៗជម្រើសជាតិសុទ្ធតែពេញចិត្តចំពោះប្រធានសហព័ន្ធ ឯកឧត្តមឧត្តមសេនីយ៍ឯក តែម ម៉ឺន និងគាំទ្រយ៉ាងខ្លាំងចំពោះកំណែទម្រង់ថ្មីរបស់សហព័ន្ធសម្រាប់អាណត្តិថ្មីនេះ ដោយកាច់ផ្តាច់អ្នកអសកម្មក្នុងជួរសហព័ន្ធដោយមិនមានការយោលយល់ និងផ្តល់ឱកាសអោយអ្នកប្រឹងប្រែងធ្វើការក្នុងសហព័ន្ធនៅបន្ត ។ ក្នុងនោះដែរលោកបញ្ជាក់ថា សហព័ន្ធមានគម្រោងជាច្រើនមានទាំងកម្មវិធីធំៗ និងការនាំកីឡាករចេញប្រកួតលើឆាកអន្តរជាតិផងដែរ ។ ចំណែកម្ចាស់មេដាយមាសស៊ីហ្គេមគុនខ្មែរ ២០១៧ ឃុន ឌីម៉ា ដែលជាគ្រូជំនួយជម្រើសជាតិ ក៏បានប្រកាសគាំទ្រចំពោះ កំណែទម្រង់របស់សហព័ន្ធផងដែរ ។
សូមបញ្ជាក់ថា ឯកឧត្តមឧត្តមសេនីយ៍តែម ម៉ឺន ដែលជាប់ជាប្រធានមួយអាណត្តិទៀត បានបញ្ជាក់និងប្តេជ្ញាថា កំណែទម្រង់សម្រាប់អាណត្តិថ្មីនេះអ្វីដែលធ្វើឲ្យប៉ះពាល់ ដល់ប្រយោជន៍រួមហើយសមាជិកដែលអសកម្មសហព័ន្ធត្រូវតែធ្វើសកម្មភាពហ៊ានវះកាត់ជាដាច់ខាត ដើម្បីអភិឌ្ឍន៍ប្រភេទកីឡាប្រដាល់គុនខ្មែរឆ្ពោះទៅ ដណ្តើមមេដាយ ជូនប្រទេសជាតិ។សព្វថ្ងៃកីឡាប្រដាល់គុនខ្មែរជាប្រភេទកីឡាមាន សក្តានុពលនិងមានប្រជាប្រិយនៅកម្ពុជា ព្រមទំាងឈានទៅដណ្តើមមេដាយក្នុងការប្រកួតកម្រិតតំបន់ ជាពិសេសព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2023 លើកទី៣២ តែម្តង ៕