ខាន់ ចេសា បង្ហើបគោលដៅនៅស៊ីហ្គេម២០២៣
កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយនៅព្រឹកថ្ងៃចន្ទ ទី០១ ខែឧសភា នេះសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។
ម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ ខាន់ ចេសា បាននិយាយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បែបនេះថា៖ «ខ្ញុំពិតជាសប្បាយចិត្ត ក្នុងការមកចូលរួមប្រកួតប្រជែងតំណាងឱ្យកម្ពុជា ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន និងអ្នកទាំងអស់គ្នា។ ខ្ញុំមានជំនឿចិត្តខ្ពស់ក្នុងការទទួលបានមេដាយជូនកម្ពុជា។ ខ្ញុំសង្ឃឹមថា នឹងយកបានមេដាយមាស២គ្រឿងជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ»។
ជាមួយការដាក់គោលដៅ ដណ្តើមឱ្យបានមេដាយមាសចំនួន២គ្រឿងជូនដល់កម្ពុជានេះ ខាន់ ចេសា បានអះអាងថា ខ្លួនបានប្រឹងប្រែងហ្វឹកហាត់ខ្លាំងជាងធម្មតា ដើម្បីត្រៀមការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ហើយកញ្ញា មិនមានអ្វីជាបញ្ហា ឬក្ដីបារម្ភអ្វីពេកទេ សម្រាប់ការប្រកួតតំណាងឱ្យកម្ពុជានេះ៕