សហព័ន្ធបាល់ទាត់កាមេរូនដកកីឡាករ U17 ២១នាក់ព្រោះគេចវេសធ្វើតេស្ដអាយុ
នាល្ងាចថ្ងៃទី០៣ ខែមករា សហព័ន្ធបាល់ទាត់កាមេរូនបានប្រកាសដកកីឡាករ២១នាក់ក្នុងចំណោម៣០នាក់ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងវគ្គជម្រុះពានរង្វាន់ទ្វីបអាហ្វ្រិកអាយុក្រោម១៧ឆ្នាំ បន្ទាប់ពីពួកគេខកខានមិនបានធ្វើតេស្តអាយុ។
សហព័ន្ធបាល់ទាត់នៃប្រទេសកាមេរូន (FECAFOOT) ប្រើប្រាស់ MRI ដើម្បីពិនិត្យមើលអាយុរបស់កីឡាករដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតជម្រុះ U17 អាហ្វ្រិក ។ អ្នកលេងនឹងថតរូបភាពម៉ាញេទិកនៅកដៃ ដើម្បីវិភាគភាពចាស់ទុំរបស់ឆ្អឹង។ យោងតាមកាសែត Daily Mail ការធ្វើតេស្តអាយុនេះគឺផ្អែកលើតម្រូវការរបស់ FIFA ហើយមានភាពត្រឹមត្រូវរហូតដល់ 99% ។
“លទ្ធផលបានមកពីការណែនាំដ៏តឹងរឹងដែលផ្តល់ដោយប្រធានសហព័ន្ធលោក Samuel Eto’o ដើម្បីបញ្ចប់ការក្លែងបន្លំដែលបានធ្វើឱ្យខូចមុខមាត់របស់បាល់ទាត់កាមេរូននាពេលកន្លងមក។ FECAFOOT អំពាវនាវឱ្យគ្រប់ភាគីចូលរួម ជាពិសេសអ្នកបង្ហាត់ត្រូវប្រាកដថា ថាកីឡាករប្រកាសអាយុរបស់ពួកគេបានត្រឹមត្រូវ។” នេះជាសេចក្ដីថ្លែងការណ៍ពី FECAFOOT។
អំឡុងរដូវក្តៅឆ្នាំ២០២២ FECAFOOT បានកោះហៅកីឡាករចំនួន៤៤នាក់មកពីក្លិបចំនួន៨ផ្សេងៗគ្នា ដើម្បីផ្តល់សក្ខីកម្មលើការចោទប្រកាន់អំពីអាយុ និងការក្លែងបន្លំអត្តសញ្ញាណ។ លោកប្រធានសហព័ន្ធ Samuel Eto’o ចង់លុបបំបាត់បញ្ហានេះនៅក្នុងប្រទេស ប៉ុន្តែប្រឈមមុខនឹងការលំបាកជាច្រើន៕