
ប្រមុខបាល់ទះខ្មែរថា មានជម្រើស២ក្នុងការត្រៀមមិត្តភាពជាមួយបារាំង
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិបារាំង ឬក្រុមបាល់ទះយុវជនបារាំងអាយុក្រោម២១ឆ្នាំ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីមានជំនួប រវាងប្រមុខថ្នាក់ដឹកនាំសហព័ន្ធ នៃប្រទេសទាំងពីរកាលពីថ្មីៗ។
ឯកឧត្តម នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាមានប្រសាសន៍ថា ៖«ដើម្បីឆ្លើយតបទៅនឹងការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទះបារាំង បានទទួលយកសំណូមពររបស់កម្ពុជា រៀបចំការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិ ឬក្រុមយុវជនអាយុក្រោម២១ឆ្នាំរបស់បារាំង ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសល្អៗ។ការប្រកួតលក្ខណៈអន្ដរជាតិនេះ គ្រោងធ្វើឡើងក្រោមជម្រើស២។ ជម្រើសទី១-គឺក្រុមជម្រើសជាតិបារាំង ឬក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់បារាំង មកប្រកួតមិត្តភាពនៅកម្ពុជា។ ជម្រើសទី២-យើងបញ្ជូនក្រុមជម្រើសជាតិកម្ពុជា ទៅប្រកួតនៅប្រទេសបារាំងតែម្ដង។ បច្ចុប្បន្នក្រុមអគ្គលេខាធិការដ្ឋានសហព័ន្ធប្រទេសទាំងពីរ បាននិងកំពុងពិភាក្សារៀបចំការប្រកួតនេះ»។
ជុំវិញការចងសម្ព័ន្ធភាពដ៏ល្អ និងឈានទៅរកការប្រកួតមិត្តភាព ជាមួយក្រុមកំពុងឈរចំណាត់ថ្នាក់លេខ៣ លើពិភពលោកនេះ ត្រូវបានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ បង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ដែលជាស្ថិតក្នុងផែនការរបស់សហព័ន្ធ ក្នុងការជំរុញក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រកួតមិត្តភាពអន្ដរជាតិឲ្យបានច្រើន។ ពិសេសក្រុមខ្លាំងៗជាងខ្លួន ដើម្បីវាស់ស្ទង់ ក៏ដូចជាពង្រឹងសមត្ថភាព និងបច្ចេកទេស ឆ្ពោះទៅប្រជែងមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣៕