តារាបាល់បោះ Kobe Bryant បានបាត់បង់ជីវិតជាមួយកូនស្រីអាយុ ១៣ ឆ្នាំដោយសារធ្លាក់ឧទ្ធម្ភាគចក្រ
(BC-99)
ដោយសារតែការចុះអ័ព្ទទើបធ្វើអោយកើតមានឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនរបស់ Kobe Bryant និងបានឆក់យកជីវិតកីឡាករវ័យ ៤១ ឆ្នាំរូបនេះព្រមទាំងកូនស្រីច្បងរបស់គាត់ឈ្មោះ Gianna ព្រមទាំងអ្នករួមដំណើរនិងបើកបរចំនួន៩នាក់នៅរដ្ឋ កាលីហ្វ័រញ៉ា នាថ្ងៃច័ន្ទនេះ។
យោងតាមសារព័ត៌មានក្នុងស្រុកបានបញ្ជាក់ថា Kobe បានជូនកូនស្រីរបស់ខ្លួនតាមឧទ្ធម្ភាគចក្រទៅសាលា Mamba Academy ដើម្បីហាត់បាល់បោះហើយឧទ្ធម្ភាគចក្រឯកជនរបស់លោកក៏បានរាយការណ៍ថាធ្លាក់នៅម៉ោងប្រហែល ១០ ព្រឹក(ម៉ោងនៅ កាលីហ្វ័រញ៉ា) ដែលអាចបណ្តាលមកពីការចុះអ័ព្ធខ្លាំងនៅតំបន់កើតហេតុនោះ ។
លោកប្រធានាធិបតី Trump បានហៅរបាយការណ៍នៃមរណភាពរបស់លោក Bryant ថាជា“ ដំណឹងដ៏អាក្រក់” ស្របពេលដែលវិរបុរសនិងជាអតីតបាល់បោះ Michael Jordan បានថ្លែងថា Kobe Bryant គឺជា“ ប្អូនប្រុស និងជា ឪពុកដ៏អស្ចារ្យ” ។
អតីតមិត្តរួមក្រុមនិងតារាឆ្នើមរបស់ក្រុម Lakers គឺ Shaquille O’Neal ក៏បានបរិយាយដែរថា “ វាពិតជាឈឺចាប់ណាស់ដែលខ្ញុំបានបាត់បង់ ក្មួយស្រី និង ប្អូនប្រុស ត្រឹមមួយប៉ប្រិចភ្នែកបែកនេះ។ ដោយឡែកអតីតប្រធានាធិបតីអាមេរិកលោក Obama ក៏បានចូលរួមមរណទុក្ខចំពោះការបាត់បង់ដ៏ធំធេងរបស់តារា NBA និងកូនស្រីជំទង់របស់គាត់ដែរ។
គួរបញ្ជាក់ថា Kobe Bryant បានក្លាយជាកីឡាករបាល់បោះអាជីពនិងមានឈ្មោះបោះសម្លេងជាមួយក្លិប Los Angeles Lakers ពីឆ្នាំ ១៩៩៦ រហូតដល់បញ្ចប់អាជីពនៅឆ្នាំ ២០១៦ និងបានជួយអោយក្លិបឈ្នះជើងឯកចំនួន ៥ សម័យ ឈ្នះពានរង្វាន់ឯកតជន MVP ម្តងនិងពានរង្វាន់ជាច្រើនទៀតផងដែរ។