មិនមែនគីបស៊ីនមែន គ្រូ U23 កម្ពុជាថា នឹងមិនស្រួលទេពេលប៉ះក្រុមជប៉ុន
ទោះកីឡាករមួយចំនួនធំមែនជាកីឡាករមកពីកម្រិតលីគអាជីពជប៉ុន និងជាកីឡាករកម្រិតមហាវិទ្យាល័យក៏ដោយ លោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ទទូចថា នឹងមិនងាយស្រួលឡើយពេលប៉ះក្រុម U23 ជប៉ុន។
លោក Hirose ថ្លែងបែបនេះ “៖ យើងគិតថា ការប្រកួតនេះគឺជាឱកាសដ៏ល្អ ដើម្បីប្រកួតប្រជែងថា តើយើងធ្វើបានកម្រិតណាទល់នឹងក្រុមជប៉ុន ដែលស្ថិតនៅជំនាន់ដូចយើង។ នេះក៏ជាការត្រៀមដ៏ល្អសម្រាប់ការប្រកួតបន្ទាប់ទៀត ពីការត្រៀមបានកម្រិតណា។ ខ្ញុំចង់និយាយពីក្រុមជប៉ុនលើកនេះ កីឡាករទាំងអស់មកពីក្រុមសាកលវិទ្យាល័យ ប៉ុន្តែក្រុមបាល់ទាត់សាកលវិទ្យាល័យជប៉ុនគឺមានកម្រិតខ្ពស់ ហើយកីឡាករមួយចំនួនធំកំពុងត្រៀមខ្លួនចូលក្រុមនៃលីគបាល់ទាត់ជប៉ុន ដូច្នេះក្នុងក្រុមទាំងមូលយើងត្រូវតែផ្លាស់ប្ដូរការគិតរបស់យើង។ វានឹងមិនមែនជាការប្រកួតងាយស្រួលឡើយដូចដែលប្រជាជនកម្ពុជារំពឹងនោះទេ។ អ៊ីចឹងយើងនឹងព្យាយាមឲ្យអស់ពីលទ្ធភាព»។ គ្រូបង្វឹកវ័យ ៦៦ឆ្នាំបានសង្កត់ធ្ងន់។”
ការប្រកួតរវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន នឹងធ្វើឡើងនៅវេលាម៉ោង ៧:០០នាទីយប់ នាពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ៕