Aguero ការពារ Messi ពីការរិះគន់ដោយប្រិយ៍មិត្ត អាហ្សង់ទីន
(BC-99)
Sergio Aguero នៅតែមិនយល់ពីការរិះគន់ទៅលើប្រធានក្រុម Lionel Messi ពីសំណាក់ប្រិយ៍មិត្តអាហ្សង់ទីនដោយទទូចថាតារាឆ្នើមរូបនេះគឺជាមនុស្សដំបូងដែលត្រូវរងទុក្ខវិបត្តិនិងការបាក់ទឹកចិត្តហើយធ្វើអោយមានការប៉ះពាល់ដល់ក្រុមជម្រើសជាតិ។
Messi បានឈ្នះគ្រប់អ្វីៗទាំងអស់ក្នុងនាមជាកីឡាកររបស់ក្រុម Barcelona ដូចជា Champions League, LaLiga, UEFA Super Cup, Club World Cup, Copa del Rey និង Supercopa de Espana ។ ក៏ប៉ុន្តែម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលរូបនេះមិនទាន់បានទទួលជោគជ័យក្នុងការឈ្នះពានរង្វាន់ធំអោយ អាហ្សង់ទីន ឡើយបើទោះជាធ្លាប់ជួយអោយក្រុមជម្រើសជាតិរបស់ខ្លួនបានឈានដល់វគ្គផ្តាច់ព្រ័ត្រ Copa America ពីរឆ្នាំជាប់គ្នា ២០១៥ និង ២០១៦ និង World Cup ឆ្នាំ ២០១៤ យ៉ាងណាក្តី។
បុរសវ័យ ៣២ ឆ្នាំរូបនេះបានទទួលរងការវាយប្រហារផ្លូវចិត្តដោយសារតែការរិះគន់ចំពោះការលេងរបស់គេអោយក្រុម អាហ្សង់ទីន។ Messi ក៏បានដកខ្លួនចេញពីក្រុមបន្ទាប់ពីអាហ្សង់ទីនបានធ្លាក់ចេញពី World Cup ២០១៨ ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ តែក៏បានវិលត្រឡប់មកជួយក្រុមជម្រើសជាតិអោយឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America កាលពីឆ្នាំមុនវិញ។
កីឡាករខ្សែប្រយុទ្ធឆ្ន់ើមរបស់ Manchester City Sergio Aguero បានប្រាប់ TyC Sports ថា “ខ្ញុំមិនយល់ពីអ្នកគាំទ្រដែលរិះគន់គាត់នៅក្នុងការលេងអោយក្រុមជម្រើសជាតិទេ។ គាត់បានប្រឹងប្រែងយ៉ាងលំបាកនិងអស់ពីសមត្ថភាពដើម្បីក្រុមជម្រើសជាតិ។ ក៏ប៉ុន្តែគាត់បែជាក្លាយទៅជាមនុស្សដំបូងដែលរងសំពាធអស់ទាំងនេះទៅវិញ” ។
ក្នុងខណៈពេលដែលកីឡាបាល់ទាត់ស្ទើរទូទាំងពិភពលោកបានជាប់គាំងសកម្មភាពប្រកួតដោយសារតែជំងឺរាតត្បាត ក៏មានព័ត៌មានលេចឮថា Aguero ដែលសល់កិច្ចសន្យាត្រឹមឆ្នាំ ២០២១ ជាមួយ Manchester City កំពុងតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លឹប Independiente វិញ។ Aguero បាននិយាយអោយដឹងបន្ថែមថា៖ “សម្រាប់ពេលនេះខ្ញុំមិនគិតពីអ្វីដែលត្រូវធ្វើជាមួយរឿងទាំងអស់នេះទេនៅពេលដែលក្លឹបកំពុងមានបញ្ហាដូច្នេះ”។