មិនបានលេងច្រើនខែដោយសាររបួស ប៉ុន្តែចាន់ វឌ្ឍនាកា នៅតែស្រវាបានទីផ្សារធំ
តារាបាល់ទាត់ឆ្នើម ចាន់ វឌ្ឍនាកា ត្រូវបានបុរី ហេង បូរិន គ្រុបប្រកាសជាទូតសុច្ឆន្ទៈរបស់ខ្លួននៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២ លើកិច្ចសន្យា១ឆ្នាំក្នុងតម្លៃខ្ទង់ម៉ឺនដុល្លារអាមេរិក។
លោកឧកញ៉ា ហេង បូរិន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកបុរី ហេង បូរិន គ្រុប បានបញ្ជាក់ពីមូលហេតុជ្រើសរើស ចាន់ វឌ្ឍនាកា ជាទូតសុច្ឆន្ទៈថា ព្រោះខ្សែប្រយុទ្ធក្លិបបឹងកេត និងជម្រើសជាតិកម្ពុជាជានិមិត្តរូបរបស់លោក ហើយលោកក៏ជាអ្នកចូលចិត្តកីឡាមួយរូបដែរ។ ហេតុផលមួយទៀតក៏ដោយសារតែលោកពេញចិត្តការខិតខំប្រឹងប្រែងរបស់កីឡាករមានប្រភពពីខេត្តកំពតដែលបាននាំយកបាល់ទាត់ខ្មែរទៅឈរលើឆាកអន្តរជាតិឲ្យបរទេសបានស្គាល់។ លោកសង្ឃឹមថា ការសហការជាមួយចាន់ វឌ្ឍនាកា នឹងជួយពង្រីកកេរ្ដិ៍ឈ្មោះរបស់បុរីលោកកាន់តែទូលំទូលាយថែមទៀត។
លោកឧកញ៉ា ហេង បូរិន បញ្ជាក់បន្ថែមថា ក្រៅជួយជ្រោមជ្រែងដល់បាល់ទាត់លោកក៏បាននិងកំពុងជួយប្រភេទកីឡាផ្សេងៗទៀតដែរ។ ទាក់ទងទៅនឹងការសហការជាមួយចាន់ វឌ្ឍនាកា វិញ អ្នកជំនួញខាងលើអះអាងថា ក៏នឹងមានគម្រោងចាប់ដៃគ្នាតទៅមុខទៀត ពោលមិនមែនតែមួយឆ្នាំដូចកិច្ចសន្យាឡើយ។
ចំណែកកីឡាករ ចាន់ វឌ្ឍនាកា ថ្លែងថា សមិទ្ធផលដែលគេទទួលបានកន្លងមកមិនមែនបានមកដោយសារតែរូបគេម្នាក់ឯងឡើយ តែបានមកពីការគាំទ្រពីមហាជនទូទៅដែរ។ គេថា នឹងប្ដេជ្ញាជួយផ្សព្វផ្សាយពីគុណភាពបុរីដល់អតិថិជន។
គួរដឹងដែរថា ចាន់ វឌ្ឍនាកា បានខកខានបង្ហាញខ្លួនលើទីលានប្រកួតតាំងពីដើមឆ្នាំ២០២២ម្ល៉េះ ដោយសារតែបញ្ហារបួសសរសៃពួរជង្គង់៕