Lewandowski ដាក់២គ្រាប់ឲ្យ Bayern ឡើងផ្ដាច់ព្រ័ត្រ Club World Cup
Robert Lewandowski រកបានគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ០ទល់នឹង២របស់ Bayern Munich លើក្លិបអេហ្ស៊ីព Al Ahly ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA Club World Cup 2020 នៅថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នាប្រទេសកាតារ។
ខ្សែប្រយុទ្ធប៉ូឡូញខាងលើបានទាត់មួយគ្រាប់បើកឆាកនាទី១៧ ហើយក៏តែតមួយគ្រាប់ទៀតនាទី៨៥ និងជាគ្រាប់ទី២៩របស់គេពីការប្រកួត២៧លើករដូវកាលនេះ។
ដូច្នេះ Bayern Munich ដែលជាជើងឯក UEFA Champions League ត្រូវប៉ះក្លិបម៉ិកស៊ីកូ Tigres ក្នុងវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ។
សម្រាប់ Tigres គឺជាជើងឯក CONCACAF ដែលរួមបញ្ចូលទាំងអាមេរិកខាងជើង និងកណ្ដាល។ ពួកគេបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រក្រោយស៊ីជើងឯកអាមេរិកខាងត្បូង Palmeiras ១ទល់នឹង០។
ការប្រកួតដណ្ដើមយកចំណាត់ថ្នាក់លេខ៣នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ដូចគ្នា រវាង Al Ahly និង Palmeiras៕