Arda Turan អាចប្រឈមនឹងជាប់ពន្ធនាគារ១២ឆ្នាំក្រោយវាយតារាចម្រៀង Berkay Sahin បាក់ច្រមុះ
ខ្សែបម្រើ Arda Turan ដែលកំពុងលេងឱ្យក្លិប Basaksehir ក្រោមកិច្ចសន្យាខ្ចីពី Barcelona ត្រូវបានចោទប្រកាន់ជុំវិញការប៉ះទង្គិចជាមួយតារាចម្រៀងល្បីល្បាញម្នាក់ ហើយរដ្ឋអាជ្ញាកំពុងស្វែងរកការដាក់ទោសជាប់ពន្ធនាគាររហូតដល់១២ឆ្នាំលើប្រធានក្រុមជម្រើសជាតិទួរគីរូបនេះ។
អតីតកីឡាករ Galatasaray និង Atletico Madrid វ័យ៣១ ខាងលើ ត្រូវបានកោះហៅទៅប៉ុស្តិ៍ប៉ូលិសសប្ដាហ៍មុនដើម្បីធ្វើសេចក្ដីរៀបរាប់អំពីហេតុការណ៍ដែលបានកើតឡើងក្នុងក្លិបរាត្រីនៅទីក្រុង Istanbul ដែលបណ្ដាលឱ្យតារាងចម្រៀង Sahin បាក់ខ្ទង់ច្រមុះ។
Turan ត្រូវបានចោទពីបទយារយីផ្លូវភេទ កាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត និងបង្ករបួសដោយចេតនាលើតារាចម្រៀង Berkay Sahin។ ក្លិប Basaksehir បាននិយាយថាពួកគេបានពិន័យ Turan ជាទឹកប្រាក់២.៥លានលីរ៉ាទួរគី ស្មើនឹង៤៣១,០០០ដុល្លារអាមេរិក ចំពោះហេតុការណ៍ដែលបានកើតឡើងនោះ។ ទោះយ៉ាងណា ក្លិប Basaksehir ថា Turan នឹងបន្តកាតព្វកិច្ចបាល់ទាត់អាជីពរបស់គេបន្តទៀតរហូតដល់មានសេចក្ដីសម្រេចផ្លូវការពីតុលាការ។