
កីឡដ្ឋានរបស់ក្លិបបាល់ទាត់អាយអេសអាយនឹងបើកសាកល្បងថ្ងៃទី២១ ខែសីហា
លោក សៀក សុវណ្ណ អគ្គលេខាធិការក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ឲ្យដឹងថា កីឡដ្ឋាន KMH Park របស់ក្លិបលោកកំពុងស្ថិតក្រោមការស្ថាបនាឡើងវិញជិតរួចរាល់១០០ភាគរយហើយ និងបើកសាកល្បងនៅថ្ងៃទី២១ ខែមិថុនា ខាងមុខ។
លោក សៀក សុវណ្ណ បញ្ជាក់ថា “៖ ទីលានរបស់យើងសឹងតែរួចរាល់ជាស្ថាពរ១០០ភាគរយហើយ។ យើងគ្រោងធ្វើកម្មវិធីបើកសាកល្បង (Soft Opening)។ យើងទទួលមហាជនចូលទស្សនាក្នុងតារាងយើងដើម្បីបានឃើញពីការរៀបចំ ដែលយើងបានដំឡើងកៅអីហើយ ធ្វើសួនហើយ ធ្វើទីលានហ្វូតសាលហើយ ហើយស្មៅធម្មជាតិក៏យើងដាំហើយ នៅចាំវាដុះជិត។ យើងចង់ទាក់ទាញពួកគាត់បានឃើញ ព្រោះអីមហាជនភាគច្រើនចង់ឃើញថា ទីលានហ្នឹងហើយនៅ ពេលណាហើយ ពេលណាប្រកួតបាន។ អ៊ីចឹងទោះឥឡូវមិនទាន់អាចប្រកួតបាន ប៉ុន្តែពួកគាត់អាចចូលទស្សនា ថតរូប ចូលអង្គុយលេងយកខ្យល់អាកាស។”
ទីលាន KMH Park របស់ក្លិបបាល់ទាត់ អាយ អេស អាយ ដង្កោជ័យបានចាប់ផ្ដើមដំណើរការជួសជុលកែលម្អឡើងវិញនៅដើមឆ្នាំ២០២២នេះ ដើម្បីឱ្យស្របទៅនឹងលក្ខន្តិកៈរបស់ក្រុមហ៊ុន Cambodian Premier League។
ក្រុមមានមូលដ្ឋាននៅសង្កាត់ចោមចៅមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ និងបានចូលរួមការប្រកួតក្របខណ្ឌ Cambodian League 2 ដំបូងក្នុងរដូវកាល២០២០។ ក្រោយដំណើរការស្ថាបនាឡើងវិញ កីឡដ្ឋាន KMH Park នឹងមានហេដ្ឋារចនាសម្ព័ន្ធកាន់តែសម្បូរបែប ហើយអាចផ្ទុកទស្សនិកជន៣០០០នាក់៕