
Klopp ថា ភាពឈឺចាប់រដូវកាលមុននឹងបង្រៀនកូនក្រុមឲ្យរឹងមាំដើម្បីប្រជែង Man City
លោក Jurgen Klopp អ្នកចាត់ការ Liverpool ជឿជាក់ថា អ្វីដែលបាត់បង់នៅរដូវកាលមុននឹងជួយក្រុមខ្លួនបន្ថែមកម្លាំងចិត្តដើម្បីយកប្រៀបលើ Manchester City រដូវកាលនេះ។
រដូវកាលមុន ក្រុមហង្សក្រហមចាញ់តែ២ប្រកួតប៉ុណ្ណោះក្នុងក្របខណ្ឌ Premier League តែបានរបូតជើងឯកទៅ Manchester City។
ការបន្ថែម Kalvin Philipps និង Erling Haaland នៅរដូវក្ដៅនេះ ធ្វើឲ្យ Liverpool កាន់តែមិនអាចទម្លាក់ខ្លួនបាន។
លោក Klopp ថ្លែងបែបនេះ “៖យើងបានប្រជុំធំជាមួយក្រុមដើម្បីប្រាប់ពីគោលដៅយើងនៅរដូវកាលនេះ។ យើងចង់ប្រើភាពជាធ្លុងមួយរបស់ពួកគេដើម្បីជម្នះសម្រេចគោលដៅរបស់យើង។ អ្វីដែលកើតឡើងរដូវកាលមុនមិនអាចរំខានយើងបានទេ។ នរណាក៏ចង់ឈ្នះយើងដែរ អ៊ីចឹងយើងត្រូវតែប្រឹងប្រែង។”
ក្នុងនាមជាម្ចាស់ពាន FA Cup ក្រុមលោក Jurgen Klopp នឹងជួបប្រកួតជាមួយ Manchester City ដែលជាម្ចាស់ជើងឯក Premier League នៅថ្ងៃសៅរ៍ ទី៣០ ខែកក្កដា នេះសម្រាប់ពានរង្វាន់ Community Shield៕