លឹម ពិសុទ្ធ របួសកជើងក្នុងការប្រកួត League Cup
ខ្សែប្រយុទ្ធវ័យក្មេងភ្នំពេញក្រោន លឹម ពិសុទ្ធ មានអាការៈហើមកជើង ក្រោយមានការប៉ះទង្គិចពីជា សុខម៉េង របស់ណាហ្គាវើលដ៍ ក្នុងការប្រកួត Cambodian League Cup នៅថ្ងៃចន្ទ ទី២៣ ខែឧសភា។
លោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន ប្រាប់ថា នឹងមានការស្គេនមើលអាការៈរបស់ពិសុទ្ធនៅថ្ងៃអង្គារនេះ។ ប៉ុន្តែប្រសិនបើហើមខ្លាំង នោះក៏មិនទាន់អាចស្គេនបានដែរ។
គួរដឹងដែរថា លឹម ពិសុទ្ធ ទើបតែជាពីរបួសឆ្អឹងប្រអប់ជើង និងចូលលេងវិញកាលខែមេសា។ របួសពីមុនធ្វើឲ្យកីឡាករវ័យ២១ឆ្នាំអវត្តមានពី AFF U23 Championship កាលខែកុម្ភៈ។ គេបានចូលរួមជួយជម្រើសជាតិកម្ពុជានៅស៊ីហ្គេមថ្មីៗនេះ។
ប្រសិនបើមានស្ថានភាពធ្ងន់ធ្ងរ ក្មួយប្រុសរបស់កីឡាករ រស់ សំអឿន ដដែលអាចនឹងអវត្តមានពីការប្រកួតមិត្តភាពអន្តរជាតិ និងវគ្គជម្រុះ AFC Asian Cup 2023 ក្នុងខែមិថុនាខាងមុខ៕