TROY DEENEY ៖ GERRARD មានសិទ្ធអបអរប្រសិនបើ Aston Villa ស៊ុតបញ្ចូលទី Liverpool
(BC-99)
ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Aston Villa ដែលធ្វើដំណើរទៅកាន់ទឹកដី Anfield ដើម្បីប្រកួតក្នុងថ្ងៃនេះ Steven Gerrard មិនបាច់លាក់លាមការអបអរគ្រាប់បាល់ស៊ុតបញ្ចូលទីលើក្រុម Liverpool ឡើយ នេះគឺជាការលើកឡើងរបស់ Troy Deeney អតីតកីឡាកររបស់ក្រុម Watford ។
Tory Deeney ដែលត្រូវបានគេប្រសិទ្ធនាមថាជា Mr DJ បាននិយាយនៅក្នុងវិទ្យុ talkSPORT របស់ចក្រភព អង់គ្លេស ទាក់ទងទៅនឹងលោក Steven Gerrard ដែលជាអ្នកដឹកនាំក្រុមបាល់ទាត់ Aston Villa ដែលនឹងធ្វើដំណើរទៅប្រកួតជាមួយក្រុមចាស់របស់ខ្លួន Liverpool នៅរាត្រីនេះ។
Troy បានសម្តែងថា៖ “ជាទូទៅអតីតកីឡាករនិងជាវីរបុរសរបស់ក្លិបតែងតែមិនសម្តែងការអបអរទេនៅពេលដែលពួកគេលេងប្រឆាំងនិងស៊ុតចូលលើអតីតក្រុមចាស់របស់ខ្លួនដែលក្នុងនោះមានដូចជាអ្នកចាត់ការទូទៅ Jose Mmourinho ឬ កីឡាករ Cristiano Ronaldo ជាដើម។ សម្រាប់ខ្ញុំបានយល់ឃើញថាទាំងនេះគ្រាន់តែការសម្តែងរបស់ពួកគេតែប៉ុណ្ណោះ ដូចនេះ Gerrard ក៏អាចសម្តែងផ្ទុយពីនេះបានដែរ បើស៊ុតចូលហើយអបអរទៅ ព្រោះនេះវាជាសិទ្ធរបស់អ្នក។ សូម្បីតែខ្ញុំខ្លួនឯងក៏អបអរនឹងការស៊ុតបញ្ចូលទីរបស់ខ្ញុំដែរបើខ្ញុំស៊ុតបញ្ចូលទីលើក្រុមចាស់របស់ខ្ញុំបាន” ។