ក្រោយស៊ីខ្មែរភ្លាម គ្រូថៃ ថា មិនខ្លាចក្រុមណាទេ
ក្រោយក្រុមបាល់ទាត់ជម្រើសជាតិថៃ បានយកឈ្នះកម្ពុជា ៥ទល់នឹង០ លោក Alexander Polking គ្រូបង្គោលថៃ បានអះអាងប្រកបដោយទំនុកចិត្តខ្ពស់ថា លោកមិនខ្លាចក្រុមណាទេ សូម្បីតែម្ចាស់ផ្ទះវៀតណាម។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់កើតនៅប្រេស៊ីលថ្លែងបែបនេះ “៖យើងមិនខ្លាចនរណាទេ សូម្បីតែវៀតណាម។ វៀតណាមលេងល្អ តែឥណ្ឌូនេស៊ីក៏ល្អដែរ។ បើជៀសពីវៀតណាមបាន វាល្អសម្រាប់ តែបើបានជួប ក៏មិនអីដែរ។ យើងត្រូវតែឈ្នះគ្រប់គូប្រកួតដើម្បីយកមេដាយមាស។”
អតីតគ្រូបង្គោល Bangkok United បន្ថែម “៖ពិបាកទាយណាស់ តែក៏ពេញចិត្តលទ្ធផល។ ដូចវៀតណាមអ៊ីចឹង យើងស្ទើរតែអាចឡើងទៅវគ្គបន្តទៅហើយ។ តែជាមួយគ្នានេះ ក៏ត្រូវកែលម្អខ្លួនយើងដែរ។”
ក្រុមជម្រើសជាតិថៃ មាន៦ពិន្ទុពីការប្រកួត៣លើក ឈរលេខ២ ក្រោមសិង្ហបុរី ១ពិន្ទុ។ ប្រកួតចុងក្រោយនៅថ្ងៃចន្ទ ទី១៦ ខែឧសភា ថៃជួបឡាវ ខណៈកម្ពុជាប៉ះម៉ាឡេស៊ី៕