រឿងរ៉ាវដោះដូរគួរចាប់អារម្មណ៍ក្លិបចំនួន៣នៅកម្ពុជា
ភ្នំពេញក្រោនបានប្រកាសថា ខ្សែការពារ កុក បូរីស បានផ្លាស់ទៅក្លិបលីគកំពូលម៉ាឡេស៊ី Sarawak United លើកិច្ចសន្យាខ្ចីមួយរដូវកាល។
កីឡាករកូនខ្មែរកើតនៅបារាំងបានរួមចំណែកលើកពានលិគគំពូលកម្ពុជា រដូវកាល២០២១ កន្លងទៅ។ គេបានលេងនៅភ្នំពេញក្រោនពីឆ្នាំ២០១២ដល់២០១៧ មុនចាកចេញនៅឆ្នាំ២០១៨។
បូរីស បានវិលទៅ RSN វិញក្នុងរដូវកាល២០២០ ហើយគេក៏ធ្លាប់ជាប់ជម្រើសជាតិកម្ពុជាអំឡុងសម័យលោក Lee Tae-hoon ដែរ។
ក្លិបបាល់ទាត់បឹងកេតឯណោះវិញបានចែកផ្លូវពីខ្សែប្រយុទ្ធ Abee Ndjoo មុនរដូវកាលថ្មីចូលមកដល់។
កីឡាករជនជាតិកាមេរូនបានផ្ទេរទៅកីឡដ្ឋាន Cambodia Airways ពីអាស៊ីអឺរ៉ុបយូណាយធីត ក្នុងជើងទី២ រដូវកាល២០២១ តែរកបានត្រឹម១គ្រាប់។ កាលនៅ AEU Sports Park ជើងទី១ គេរកបាន១០គ្រាប់ ទើបអាចទាក់ចិត្តបឹងកេតបាន។ តែការលេងនៅបឹងកេត មិនបានលទ្ធផលល្អឡើយ។
ព្រះខ័នរាជស្វាយរៀងវិញ បានផ្ទេរយកខ្សែការពារ Clyde O’Connell សម្រាប់រដូវកាល២០២២។
កីឡាករមកពីសាធារណរដ្ឋអៀរឡង់ (អៀរឡង់ខាងត្បូង) ជាសមាជិកបរទេសទី៥របស់ព្រះខ័នរាជស្វាយរៀង។ គេអាចលេងជាខ្សែការពារកណ្ដាលផង និងបម្រើកណ្ដាលផង។ គេធ្លាប់លេងនៅលីគទី២អៀរឡង់៕