សា ទី “៖យើងហាត់ជុំគ្នាបានតិចថ្ងៃ តែយល់ចិត្តគ្នាល្អ”
ខ្សែប្រយុទ្ធ សា ទី របស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំទទូចថា ទោះហ្វឹកហាត់ជុំគ្នាបានតិចថ្ងៃ តែការលេងក្នុងក្រុមមានការយល់ចិត្តគ្នាបានល្អ។
នេះជាការជាប់ជម្រើស១១នាក់ដំបូងក្នុងក្រុមជម្រើសជាតិ ជាលើកទី១សម្រាប់ សា ទី។ គេធ្លាប់ជាប់ទៅប្រកួត AFF Suzuki Cup កាលខែធ្នូ ដែរ តែមិនជាប់១១នាក់ទេ។
កីឡាករមកពីក្លិបវិសាខា អះអាងសប្បាយចិត្តដែលបានលេងនៅស្តាតថ្មី និងរកគ្រាប់បាល់បញ្ចូលទីលើកដំបូងថែមទៀត។ គេថា នៅមានចំណុចខ្វះខាតមួយចំនួនទៀត ដូចការប៉ះបាល់ និងអារម្មណ៍នៅភ័យខ្លះៗ។ គេរំពឹងថា នឹងអាចកែប្រែចំណុចខ្វាតទាំងនេះឲ្យល្អសម្រាប់ការប្រកួតក្រោយៗ។
គួរដឹងដែរថា U23 កម្ពុជាបើកឆាកឈ្នះប្រ៊ុយណេ ៦ទល់នឹង០ ក្នុងការប្រកួត AFF U23 Championship 2022 ប្រចាំពូល A។ ថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ក្រុមម្ចាស់ផ្ទះនឹងបន្តប្រកួតតទល់ហ្វីលីពីន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ម៉ោង៧យប់៕