ក្រុមហ៊ុនលីគអាចនឹងបន្ថែមពានចំនួន២ទៀត
ក្នុងស្មារតីនៃអង្គប្រជុំក្នុងក្រុមហ៊ុន Cambodian Premier League កន្លងមក មានលេចឮថា ការប្រកួតដណ្ដើមពានរង្វាន់ចំនួន២ទៀតអាចនឹងត្រូវបានបង្កើតឡើង គឺពានរង្វាន់បើករដូវកាល និងពានរង្វាន់ League Cup។
សម្រាប់ការប្រកួតដណ្ដើមពានបើករដូវកាល គឺយកក្រុមជើងឯកលីគកំពូល និងពានសម្ដេចថ្នាក់ជាតិមកប្រកួតតទល់គ្នា ហើយធ្វើឡើងមួយសប្ដាហ៍មុនការប្រកួតលីគចូលមកដល់។
ជុំវិញពានរង្វាន់ League Cup វិញក៏មិនខុសពីពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ប៉ុន្មានទេ ដោយក្រុមមកពីលីគកំពូល អាចប៉ះគ្នាជាមួយក្រុមនៅលីគទី២ ឬប៉ះក្រុមកម្រិតខេត្តណាមួយ។
យ៉ាងណា មិនទាន់មានការសម្រេចជាផ្លូវការណាមួយនៅឡើយទេ ដោយគ្រាន់តែលេចឮក្នុងការពិភាក្សាប៉ុណ្ណោះ។
លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Premier League
ចាប់តាំងពីមានវត្តមានក្រុមហ៊ុន Cambodian Premier League មក គេឃើញមានកំណែទម្រង់គួរកត់សម្គាល់ ដូចជាការកាត់បន្ថយក្រុមនៅលីគកំពូលមកត្រឹម៨ក្រុម និងកាត់៥ក្រុមចេញទៅលីគទី២ ជាដើម។ ការណ៍នេះត្រូវបានធ្វើដើម្បីគុណភាពប្រកួតប្រជែងខ្ពស់ និងស្តង់ដារក្លិប៕