Pep ឆ្លងកូវីដ១៩ ខណៈកីឡាករ និងក្រុមគ្រូបង្វឹក Man City ២១នាក់ត្រូវដាក់ឱ្យតាមដានខ្លួនដាច់ដោយឡែក
Manchester City បានចេញសេចក្តីប្រកាសជាផ្លូវការថា គ្រូបង្វឹក Pep Guardiola បានឆ្លងវីរុសកូវីដ១៩ ខណៈទីលានហ្វឹកហាត់របស់ក្រុមឈុតធំត្រូវបានបិទជាបណ្តោះអាសន្ន។
ក្រៅពីបុរសជនជាតិអេស្ប៉ាញខាងលើត្រូវបានធ្វើតេស្តចេញសញ្ញាវិជ្ជមាន កីឡាករនិងក្រុមគ្រូបង្វឹកចំនួន២១នាក់ទៀតក៏កំពុងត្រូវបានក្លឹបសម្រេចឱ្យដាក់ខ្លួនឱ្យនៅដាច់ដោយឡែកដើម្បីធ្វើការតាមដានជាបន្តទៀតផងដែរ។
សម្រាប់ការធ្វើសន្និសិទកាសែតរបស់ក្លឹបរហស្សមានមេឃខៀវដែលនឹងត្រូវត្រៀមប៉ះជាមួយ Swindon Town នៅក្នុងពានរង្វាន់ FA Cup នៅថ្ងៃស្អែកនេះក៏ត្រូវបានរំសាយចោលផងដែរ។
គួរឱ្យដឹងថា ក្របខ័ណ្ឌ Premier League បានសម្រេចផ្អាកការប្រកួតមួយចំនួនរួចមកហើយ ក្រោយកំពុងរងការវាយលុកសារជាថ្មីពីវីរុសកូវីដ១៩បំឡែងថ្មី (អូមីក្រុង) ជាពិេសសនៅតាមបណ្តាទីក្រុងធំៗនៅចក្រភពអង់គ្លេសតែម្តង ខណៈហង្សក្រហម Liverpool ទើបតែប្រកាសពីការរីករាលដាលការឆ្លងវីរុសកូវីដ១៩នេះផងដែរ ហើយថែមទាំងស្នើរសុំផ្អាកការប្រកួតទល់នឹង Arsenal ក្នុងពានរង្វាន់ EFL Cup ថែមទៀតផង។