
Arsenal និង Aston Villa ដណ្តើមគ្នាខ្ចីជើងខ្សែបម្រើ Philippe Coutinho ពី FC Barcelona
Arsenal និង Aston Villa ត្រូវបានគេរាយការណ៍មកថា កំពុងប្រជែងគ្នាក្នុងការខ្ចីជើងខ្សែបម្រើ Philippe Coutinho ពី FC Barcelona អំឡុងពេលទីផ្សារដោះដូរកីឡាករបើកនៅខែមករានេះ។
អតីតសមាជិក Inter Milan និង Liverpool មិនត្រូវបានស្ថិតនៅក្នុងគម្រោងប្រើប្រាស់របស់គ្រូបង្វឹកថ្មី Xavi ឡើយ ស្របពេលដែលបុរសវ័យ២៩ឆ្នាំកំពុងស្វះស្វែងក្នុងការរកក្លឹបលេងដើម្បីមានឱកាសជាប់ឈ្មោះនៅក្រុមជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។
យ៉ាងណាក្តី Aston Villa ហាក់ដូចមានសង្ឃឹមច្រើនជាងក្រុមកាំភ្លើងធំក្នុងការនាំយកកីឡាករសាំបាមកជួយក្រុមតាមរយៈការទាក់ទងដោយផ្ទាល់ពីសំណាក់គ្រូបង្វឹក Steven Gerrard ដែលធ្លាប់ជាមិត្តរួមក្រុមចាស់ជាមួយគ្នានៅទឹកដី Anfield។
គួរឱ្យដឹងថា Philippe Coutinho បានសម្រេចចិត្តចាកចេញពីក្របខ័ណ្ឌ Premier League កាលពីឆ្នាំ២០១៨ ដោយអំឡុងពេល៤ឆ្នាំនៅទឹកដី Camp Nou រូបគេបានបង្ហាញខ្លួនឱ្យ FC Barcelona ចំនួន១០៦ប្រកួតតែប៉ុណ្ណោះ។