
Liverpool ជាក្រុមដំបូងគេដែលរកបានជ័យជម្នះ២០០០លើកនៅលីគកំពូលអង់គ្លេស
Liverpool បានផ្ដួល Newcastle United ដោយលទ្ធផល ៣ទល់នឹង១ ក្នុងការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ។
Jonjo Shelvey រកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមសារិកាព្រៃនាំមុខមុនក្នុងនាទីទី៧ មុន Diogo Jota ទាត់បញ្ចូលទីតាមស្មើ។
៤នាទីក្រោយមក Mohamed Salah ទាត់បន្ថែមបញ្ចូលទី និងជាគ្រាប់បាល់ទី២២របស់គេសម្រាប់ Liverpool នៅរដូវកាលនេះ។ វាក៏ជាគ្រាប់ទី១៥របស់ Salah នៅ Premier League។ គេបានទាត់បញ្ចូលទី១៥ប្រកួតជាប់គ្នានៅ Premier League។ Trent Alexander Arnold ទាត់ពីចម្ងាយបញ្ចូលទីយ៉ាងល្អយកបានគ្រាប់ទី៣ក្នុងនាទី៨៧។
នេះជាជ័យជម្នះលើកទី២០០០ហើយសម្រាប់ក្រុមហង្សក្រហមក្នុងការប្រកួតក្របខណ្ឌកំពូលអង់គ្លេស និងជាក្រុមទី១ដែលធ្វើបានបែបនេះ។ ក្នុងនោះ Liverpool ប្រកួតបាន៤២២៧លើក ស្មើ១០៤៧ប្រកួត និងចាញ់១១៨០ប្រកួត។
ការប្រកួតនេះមិនមាន Virgil van Dijk និង Fabinho ទេ ដោយសារសង្ស័យជាប់ពាក់ព័ន្ធនឹងវិជ្ជមានកូវីដ១៩៕