រឿងគួរដឹងមុនវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានសម្ដេចតេជោថ្ងៃនេះ
ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា នេះ។
តាមពិត២គូថ្ងៃនេះនៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ធ្លាប់ប៉ះគ្នានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដដែលនេះកាលឆ្នាំ២០១៩។ កាលណោះព្រះខ័នរាជស្វាយរៀងបានយកឈ្នះភ្នំពេញក្រោន និងវិសាខា ចាញ់បឹងកេត។
កាលឆ្នាំ២០១៩ ព្រះខ័នរាជស្វាយរៀងបានយកឈ្នះភ្នំពេញក្រោន ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៤ ក្រោយស្មើគ្នា០ទល់នឹង០ នៅពហុកីឡដ្ឋានជាតិ។
ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា នេះពួកគេប៉ះគ្នាសាជាថ្មីលើដីខេត្តស្វាយរៀងនៅម៉ោង៦ល្ងាច។
មុនមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ភ្នំពេញក្រោនឈ្នះក្រុមលេខ២ថ្នាក់ខេត្ត ត្បូងឃ្មុំ ៧ទល់នឹង០ និងឈ្នះអគ្គិសនីកម្ពុជា ១ទល់នឹង០។ ព្រះខ័នរាជស្វាយរៀង បានឈ្នះជើងឯកថ្នាក់ខេត្តកោះកុងអេហ្វស៊ី ៦ទល់នឹង១ និងឈ្នះអង្គរថាយហ្គឺរ ២ទល់នឹង០។
ចំណែកបឹងកេតវិញក៏បានទម្លាក់វិសាខា វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលឆ្នាំ២០១៩ដែរ ដោយលទ្ធផល៤ទល់នឹង០។ កាលណោះ ចាន់ វឌ្ឍនាកា ធ្វើបានហ៊ែតទ្រីក និងមួយគ្រាប់ទៀតធ្វើបានដោយ ម៉ុន វ៉ាន់ដា។ បឹងកេតបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ និងគ្រងតំណែងជើងឯក តាមរយៈជ័យជម្នះលើព្រះខ័នរាជស្វាយរៀង។
ក្នុងរដូវកាល ២០២០ វិសាខាបានទម្លាក់បឹងកេតវិញម្ដងក្នុងវគ្គ៨ក្រុមចុងក្រោយ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ។ វិសាខា ក៏បន្តឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ឈានទៅក្រសោបតំណែងជើងឯក តែម្ដង។
បឹងកេត និងវិសាខា ត្រូវប៉ះគ្នានៅ Cambodia Airways ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា នេះ៕
រូបភាព ៖ CNCC